ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន! ​ព្យុះក្រវាញ ​ធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា ចុះត្រជាក់ថ្ងៃនេះដល់ថ្ងៃ២៤ខែធ្នូឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ខែធ្នូនេះថា វិសម្ពាធដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើន​ឥទ្ឋិពល​របស់ខ្លួ​ន ទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ តាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលគៀកចុងជ្រោយឥណ្ឌូចិន ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៤ ខែធ្នូ វិសម្ពាធនេះ បានថយឥទ្ឋិពលទៅជាសម្ពាធទាប ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី។

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ  ​នឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជា ចុះត្រជាក់នៅតំបន់ជួរភ្នំដងរែក ក្នុងរង្វង់ពី១៧អង្សា​សេ​ ទៅ២០អង្សាសេ បណ្ដាខេត្តនៅតំបន់វាលទំនាប ក្នុងរង្វង់ពី១៨អង្សាសេ ទៅ២១អង្សាសេ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ក្នុងរង្វង់ពី២០អង្សាសេ ទៅ២៣អង្សាសេ ។

ក្រសួងធនធានទឹកនិងឧតុនិយម សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកនេសាទតាមសមុទ្រ ចូរមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖ប្រាថ្នា

 


ចែករំលែក៖