ព័ត៌មានទាន់ហេតុការណ៍៖

បុរសពិការតាមឪពុកមកបូមទឹកបៀឆ្លៀតចុះហែលទឹកលេងលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសពិការម្នាក់ត្រូវបានក្រុមគ្រួសារស្រង់ពីក្នុងទឹកយកមកជួយសង្គ្រោះធ្វើចលនាដៃជើង តែជាអកុសលហួសពេលទៅហើយបន្ទាប់ពីជនរងគ្រោះតាមឪពុកមកបូមទឹកបៀហើយឆ្លៀតចុះហែលទឹកលេងបណ្ដាលឱ្យលង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសពិការដែលស្លាប់មានឈ្មោះអឿន សំភាស់ អាយុ២៤ឆ្នាំ (ខ្វិនដៃជើង)រស់ក្នុងភូមិឃុំកន្លែងកើតហេតុ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានដើរទៅតាមឪពុកម្តាយក្នុងគោលបំណងទៅបូមទឹកបៀយកត្រីមានចម្ងាយខាងលិចភូមិជាងមួយគីឡូម៉ែត្រ។

ក្រោយមកខណៈកំពុងបូមបៀកូនបានឆ្លៀតចុះហែលទឹកលេង លុះមួយសន្ធុះក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលបាត់កូនមិនឃើញ ស្រែកហៅក៏មិនឮឆ្លើយតប ឪពុកក៏ចុះរាវរកឃើញកូនស្លាប់នៅក្នុងទឹកបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកពិនិត្យសពនិងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនឃើញមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេគឺពិតជាលង់ទឹកស្លាប់ប្រាកដមែន៕

ដោយ ៖ យឹម សុថាន


ចែករំលែក៖