ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តទទួលស្គាល់៖

១-១, លោក លី ស៊ីគ្រី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួស លោក សុខ សូកាន ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោក លី ស៊ូគ្រី ជាសមាជិក រដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។

១.២. លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស លោកស្រី បាន ស្រីមុំ ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោក សៅ សារ៉ាត់ ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។
២- អង្គប្រជុំបានអនុម័តសំណើសុំជ្រើសតាំងតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពដូចខាងក្រោម៖
២-១, លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា

២-២ លោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម
៣- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹក ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយមាន របៀបវារៈដូចខាងក្រោម៖

៣-១. ការសម្រេចអំពីសុពលភាពនៃអាណត្តិ៖
លោក លី ស៊ីគ្រី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ,លោក សៅ សារ៉ាត់ ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន

៣-២. ការបោះឆ្នោតជ្រើសតាំង៖

លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍, លោកស្រី នូ សុវណ្ណនី ជាសមាជិក គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖