ភ្នំពេញ៖ លោក រស់ សាម៉ីឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N១៦៨១៩១៦ មុខរបរ ជាតំណាងក្រុមហ៊ុន DLSNS Development Co., Ltd ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្លូវ លេខ១២១ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ក្រៅឃុំ)។
-បានឃើញ សាលក្រមព្រហ្មទណ្ឌលេខៈ ៤០៥១. “B” ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់សាលា ដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់ ០២ឆ្នាំ (ពីរ ឆ្នាំ) ពីបទ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួនឈ្មោះនេះ ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រម។
តាមរយៈដីកាបង្គាប់ឱ្យចាប់ខ្លួន បានបង្គាប់មក
១-ភ្នាក់ងារមានសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ឲ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលមានសាវតាជាតិដូចខាងលើ និងនាំឈ្មោះនេះទៅបង្ហាញខ្លួន ក្នុងរយៈពេលខ្លីបំផុត នៅមុខព្រះរាជអាជ្ញា នាទីកន្លែងចាប់ខ្លួនហើយឲ្យដំណឹងដល់សាមីខ្លួនអំពីដីកានេះ និងធ្វើការ ឃុំខ្លួន តាមបញ្ញត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
២-លោកប្រធានមណ្ឌលអប់រំកែប្រែ (ម១ ) នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនឈ្មោះនេះ តាមអំណាច សាលក្រមព្រហ្មទណ្ឌលេខៈ ៤០៥១ “B” ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ៖សុខ ខេមរា