ខេត្តកំពង់ឆ្នាំង៖ មួយរយៈចុងក្រោយនេះ មានរឿងមិនគួរកើតទាល់តែសោះ សម្រាប់អាជីពអ្នកសារព័ត៌មាន ខណ:បុគ្គលខ្លះការបំពេញតួនាទី ខុសពីវិជ្ជាជីវៈ ទាំងដឹងខ្លួនថាជាអំពើល្មើសច្បាប់ ក៏បន្តប្រព្រឹត្ត ។
សមត្ថកិច្ចបានឲ្យដឹងថា, ចាងហ្វាងគេហទំព័រ (អឹអឹមអេសអឹម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីកេណ្ឌពលរដ្ឋឲ្យចាប់យកដីស្របច្បាប់របស់អ្នកដទៃ បង្កការភ្ញាក់ផ្អើល និង ជាទួនាទីរបស់អ្នកសារព័ត៌មាន។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកដឹកនាំការបង្ក្រាបនេះ ដដោយមានការសម្របសម្រួលនីតិវិធី ពីលោក អុិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា , ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនមានឈ្មោះ អេង ណារ៉ុង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរ ជាចាងហ្វាងសារព័ត៌មាន គេហទំព័រ អឹមអេសអឹម (MSM) មានលំនៅ នៅក្នុងភូមិ អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដក ហូតរថយន្ត ម៉ាក Lexus RX300 ពាក់ស្លាកលេខ ព្រះសីហនុ 2A6300 ពណ៌សូកូឡា ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO កាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន មួយសន្លឹក។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនចាងហ្វាង គេហទំព័រ អឹមអេសអឹម (MSM) នៅតាមផ្លូវជាតិលេខ៥ ខាងមុខ ផ្សារទួលក្រឡាញ់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពាក់ព័ន្ធ នឹងករណី ដើរកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅចាប់យកដីមានប្លង់ ស្របច្បាប់របស់គេ ។
ករណីឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធពីបទ ញុះញង់អោយប្រព្រឹត្តបទឧុក្រិដ្ឋជាអាទិ៍ និងកំហែងយក និងគំរាមថា នឹងសម្លាប់ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំស្គារ ស្រុកទឹកផុស.ខេត្ត កំពង់ឆ្នាំង។
ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អុិត សុធា បានឲ្យដឹង តាមទូរស័ព្ទ នៅវេលាម៉ោងជិត ១១ព្រឹកនា ថ្ងៃទី២៤ ធ្នូនេះថា ឃាត់ខ្លួនចាងហ្វាង សារព័ត៌មានរូបនេះ ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋ អោយចូលកាន់កាប់ដីគេ ដែលមានប្លង់ត្រឹមត្រូវ និងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តែងសម្របសម្រួល តាមផ្លូវច្បាប់ និងលក្ខណៈឯកជន ដើម្បីជួយដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងបណ្ដឹងជាមួយអាជ្ញាធរ សមត្ថកិច្ច។ល។ ជាលក្ខណៈសម្ងាត់ នឹងមានសក្តានុពល ឈ្នះទាំងអស់គ្នា។
ថ្ងៃនេះលោកបានថ្លែងយ៉ាងខ្លីថា ,• សារព័ត៌មាន អាចបន្តប្រកាន់ «គោលការណ៍ឯករាជ្យ» ប៉ុន្តែ «ភ្ជាប់ជាមួយបេះដូងកម្ពុជា» ពីព្រោះ យើងក៏មានកាតព្វកិច្ច លើកស្ទួយ «ឯករាជ្យរបស់កម្ពុជា» ជាប្រទេសកំណើតយើងដែរ 🇰🇭
• ការផ្សាយដំណឹង គឺងាយណាស់ តែ «ផ្សាយកម្ពុជា» ទៅអន្តរជាតិ គប្បីគិតឲ្យបានល្អិតល្អន់ ❤️។
តាមរយៈការដាស់តឿន ពី លោក ហ៊ុយ វណ្ណៈ
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺជាពន្លឺដ៏ល្អសម្រាប់អ្នកព័ត៌មាន យកទៅអនុវត្ត ពិចារណា ថ្លឹងថ្លែង ប្រកបដោយ ការទទួលខុសត្រូវ តាមតួនាទីភារកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ៕
ដោយ៖សិលា