ព័ត៌មានទាន់ហេតុការណ៍៖

៣គូនៅលីគកំពូលអង់គ្លេសបានត្រឹមស្មើគ្នាសម្រាប់ការប្រកួតសប្តាហ៍ទី១៥

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១៥ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមាន៦ក្រុម ស្មើនឹង៣គូប្រកួតគ្នាបានត្រឹមលទ្ធផលស្មើគ្នាទាំងអស់។ នេះបើយោងតាមលទ្ធផលរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ ធ្នូនេះ។

ក្រុមម្ចាស់ផ្ទះ West Ham បានប្រកួតស្មើជាមួយក្រុមភ្ញៀវ Brighton ក្នុងលទ្ធផល២ទល់២។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Johnson នៅនាទីទី៦០ និងកីឡាករ Souček នៅនាទីទី៨២ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Brighton រកបានដោយកីឡាករ Maupay និងកីឡាករ Dunk នៅនាទីទី៤៤ និងនាទីទី៧៧។

លទ្ធផលស្មើគ្នានេះធ្វើឲ្យក្រុម West Ham ឈរចំណាត់ថ្នាក់លេខ១០ មាន២២ពិន្ទុ និងក្រុម Brighton ឈរចំណាត់ថ្នាក់លេខ១៦ មាន១៣ពិន្ទុ ចាញ់ក្រុមលេខ១៥ Arsenal ៤ពិន្ទុ។

ក្រុមកំពូលតារាងហង្សក្រហម Liverpool បានប្រកួតស្មើជាមួយក្រុមភ្ញៀវ West Brom ក្នុងលទ្ធផល១ទល់១ ដែលធ្វើឲ្យក្រុម West Brom នៅតែបន្តឈរលេខ១៩បាតតារាងដដែល។ ១គ្រាប់របស់ក្រុមហង្សក្រហម Liverpool រកបានដោយកីឡាករ Mané  តាំងតែពីនាទីទី១២ ប៉ុន្តែចូលដល់តង់ទី២ កីឡាករ Ajayi របស់ក្រុម West Brom រកបាន១គ្រាប់សងវិញនៅនាទីទី៨២ ជិតចប់ការប្រកួតទៅហើយ ។

លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool បន្តឈរលេខ១បណ្តោះអាសន្នមាន៣២ពិន្ទុ លើក្រុមលេខ២ Everton ៣ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម West Brom បន្តឈរលេខ១៩ជិតបាតតារាង មានតែ៨ពិន្ទុ ដែលរដូវកាលនេះធ្វើមិនបានល្អសោះ ដោយ១៥ប្រកួតឈ្នះតែម្តងគត់ ។

ចំណែកក្រុមម្ចាស់ផ្ទះ Wolverhampton បានត្រឹមស្មើជាមួយក្រុម Tottanham ក្នុងលទ្ធផល ១ទល់១ ដែល១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Saïss នៅនាទីទី៨៦ជិតចប់ការប្រកួត។ ចំណែក១គ្រាប់របស់ក្រុម Tottanham រកបានដោយកីឡាករ Ndombèlé ដែលលេងមិនទាន់បាន១នាទីផង។

លទ្ធផលនេះធ្វើឲ្យក្រុម Wolverhampton ទទួលបាន១ពិន្ទុឈរចំណាត់ថ្នាក់លេខ១១ មាន២១ពិន្ទុ ខណៈដែលក្រុម Tottanham ឈរចំណាត់ថ្នាក់លេខ៥មាន២៦ពិន្ទុ។

សម្រាប់ការប្រកួតសម្រាប់សប្តាហ៍ទី១៦ ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃចន្ទ ទី២៨ ធ្នូនេះបន្តទៀត ដែលចាប់ផ្តើមប្រកួតពីម៉ោង១០យប់ម៉ោងនៅកម្ពុជាតទៅ ៕ដោយ៖ភារៈ


ចែករំលែក៖