ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សារជូនពរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១។

លោកនាយឧត្តមសេនីយ៍បានថ្លែងថា, ក្នុងនាម អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមចូលរួមស្វាគមន៍ការមក ដល់ឆ្នាំថ្មីនេះ និងសូមផ្ញើសារជូនពរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សម្រេចបានជោគជ័យឺគ្រប់ភារកិច្ចទាំងក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។  ឆ្នាំ២០២០កន្លងមកនេះ បណ្តាប្រទេសនៅលើពិភពលោកបានប្រឈមនិងបញ្ហាជាច្រើនទាំងផ្នែក -សន្តិសុខ ជម្លោះដែនកោះដែនសមុទ្រ អំពើភេរវកម្ម និងគ្រោះមហ្មន្តរាយធម្មជាតិ ពិសេសការប្រឈមនិងវិបត្តិសុខភាពសាធារណៈ ក្នុងខណៈពេលដែលបណ្តាប្រទេសនានានៅលើពិភពលោក រៀបចំពិធីអបអរសាទរ ដែលមានលក្ខណៈជាសកលបណ្ដាលមកពីជំងឺឆ្លងរាតត្បាត នៃCOVID-19។ 

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រកម្ពុជាធានាបាននូវសុខសន្តិភាព រក្សាបាននូវ ស្ថានភាព ជារួមនៃសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះបីកន្លងមកនេះយើងត្រូវទទួលរងការ វាយប្រហារដោយ COVID-19 និងមានភូមិសាស្ត្រមួយចំនួនទទួលរងការគម្រាមកំហែងដោយទឹកជំនន់ក្តីក៏ ប្រទេសជាតិរបស់យើង បានទប់ទល់និងបញ្ជៀសហានិភ័យទាំងនេះប្រកបដោយភាពវិជ្ជមាន។ លទ្ធផលដែល សម្រេចបានទាំងនេះ គឺដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវាងវៃ មានសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមូលមតិគ្នាគាំទ្រដល់ ប្រមុខរាជរដ្ឋាភិបាល ដែលក្នុងនោះកងកម្លាំងនគរបាលជាតិបានស្ម័គ្រចិត្តចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន ក៏ដូចជាចាត់វិធានការយ៉ាងហ្មត់ចត់សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺCOVID-19_គ្រប់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កត្តាទាំងនេះបានធ្វើឲ្យកម្ពុជាទទួលបាននូវការវាយតម្លៃ ពីសំណាក់ WHO ថាជាប្រទេសដែលមានចំណាត់ថ្នាក់ល្អលើការងារទប់ស្កាត់ជំងឺឆ្លង COVID-19។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកនិងដាស់តឿនដល់បងប្អូន ជាកងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ថែរក្សាសុខភាព មានអនាម័យជាប់ជានិច្ច និងបន្តអប់រំដល់ក្រុមគ្រួសារឲ្យអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមវិធាន សុខាភិបាល ព្រមទាំងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លង COVID-19 ទាំងអស់គ្នា។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជាតិទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី អធិបតេយ្យជាតិ និងធានា បាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធ ប្រឆាំងនិងជំងឺឆ្លង COVID-19។

នាឱកាសឆ្នាំថ្មីឆ្នាំសកល២០២១នេះ , ក្នុងនាមអគ្គស្នងការនគរបាលជាតិ , ខ្ញុំសូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនអស់លោក-លោកស្រីទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ សុភមង្គល ចម្រុងចម្រើនសម្បូរសប្បាយជានិច្ចនិរន្ត ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖