ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥ បានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១១,៣៧៥,០០០ រៀល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះ តំបន់ប្រតិបត្តិការសឹករង មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្ម័គ្រចិត្តបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។
ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ បានផ្សព្វផ្សាយដល់យោធិនគ្រប់រូប ដោយដាក់បទបញ្ជាស្តីពីការបង្ការ ការពារ ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ-១៩ និងចូលរួមការការពារ រក្សាអនាម័យ ជាពិសេសអនុវត្តតាម អនុសាសន៍ និងវិធានការទាំង ១៤ចំណុចរបស់ សម្តេចតេជោ និងក្រសួងសុខាភិបាល៕
ដោយ៖សិលា