ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ដំណើរការជួសជុលចាក់អ៊ុតកៅស៊ូផ្លូវលេខ១៨៦ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកដែលខូចខាតកាលពីរដូវវស្សាកន្លងទៅឱ្យបានស្អាតវិញ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវ១ខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោកត្រូវបានធ្វើការជួសជុលឡើងវិញក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

   ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះបានដំណើរការជួសជុលលុបជង្ហុកសំបុកមាន់ដើម្បីសម្រួលចរាចរណ៍ងាយស្រួលពុកម៉ែបងប្អូនធ្វើដំណើរ។ក្រោមការដឹកនាំចង្អុលបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកន្លងទៅនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រជួសជុលផ្លូវដោយចាក់អ៊ុតកៅស៊ូ ផ្លូវលេខ១៨៦ (ចាប់ពីផ្លូវលេខ២៥៣ដល់ផ្លូវលេខ២៦៥ )ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកឱ្យបានស្អាតនិងមានសោភណភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

    ក្នុងនាមអាជ្ញាធរខណ្ឌទួលគោកលោក ឯក ឃុនដឿន អភិបាលខណ្ឌនិងប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខណ្ឌដែលការផ្តល់ជូននូវផ្លូវកៅស៊ូដ៏ស្អាតនេះគឺជាការលើកទឹកចិត្តបន្ថែមដ៏ប្រពៃថ្លៃថ្លា៕ដោយ៖ សំរិត


ចែករំលែក៖