ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន ចំណុះយោធភូមិភាគ

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០  ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន ចំណុះយោធភូមិភាគ។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យទាំង១៨ នាយកសាលាពលទាហានទី៤ នាយកមន្ទីរពេទ្យ ប្រធានអង្គភាពតំបន់អភិវឌ្ឍន៍ វរសេនាតូចទាំង៥ អង្គភាពការពារឃ្លាំង និងកងអនុសេនាធំទាំង៣ផងដែរ ។ 

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានអបអរសាទរ និងផ្តាំផ្ញើចំពោះនាយទាហាន ដែលទទួលបានការបំពាក់ឋានន្តរសក្តិ និងការផ្លាស់ប្តូរមុខតំណែងនាពេលនេះ សូមចូលរួមបំពេញតួនាទី ប្រើប្រាស់នូវសមត្ថភាព និងចំណេះដឹង របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ សិលធម៌ល្អ ជូនអង្គភាពរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន។ 

 លោក មេបញ្ជាការ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព ចំណុះយោធភូមិភាគទាំងអស់ ដែលកន្លងមកតែងតែអនុវត្តបានល្អលើការងារស្នូលក្នុងអង្គភាពរបស់ខ្លួន និងបានជម្រុញឱ្យគ្រប់បណ្តាកងឯកភាព ស្ថាប័នទាំងអស់ត្រូវយកចិត្តទុកដាក់ សហការអនុវត្តឱ្យបានម៉ឺងម៉ាត់ អំពីការងារប្រឡងប្រណាំងជាពិសេសលើចំណុចខ្លឹមសារប្រលងប្រណាំងទាំង៥របស់យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ឯក ពៅ ហេង ក៏បានដាក់ទិសដៅបន្ត ដោយស្នើឱ្យមានការតាមដានសភាពកាណ៍ព្រំដែន និងសន្តិសុខសណ្តាប់ធ្នាប់សង្គម និង ត្រៀមកម្លាំងក្នុងការងារសង្គ្រោះគ្រោះប្រជាពលរដ្ឋក្នុងមហន្តរាយផ្សេងៗ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹងទប់ស្កាត់ការចេញចូលតាមច្រកព្រំដែនសំខាន់ៗ ពិសេសពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ត្រូវបញ្ជូនពួកគាត់ទៅទីតាំងធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តនិមួយៗ ដែលបានគ្រោងទុក ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖