ភ្នំពេញ៖ កញ្ញាពេជ្រ ចរណៃ ដែលជាតារាក្បាច់គុនល្បុក្កតោ បន្ទាប់ពីបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា បានផ្ដល់ជូននូវវិញ្ញាបនបត្របញ្ជាក់ពីការទទួលស្គាល់សាលាគុនល្បុក្កតោរបស់នាង ដែលមានឈ្មោះថា «ជ័យតេជៈ»។ ស្រាប់តែនាពេលថ្មីៗនេះ នាងកំពុងជោគជ័យក្នុងវិស័យសម្ដែងផង និងបានបង្ហាញពីការពុះពារយ៉ាងខ្លាំងក្នុងការប្រឹងប្រែងលើកស្ទួយវិស័យមួយនេះបើទោះជានាងមិនទទួលបានប្រាក់កម្រៃពីការបង្វឹកជាប្រចាំថ្ងៃក្ដី។
ជាក់ស្តែងកញ្ញា ពេជ្រ ចរណៃ មានទីតាំងក្លិបរបស់នាងមានឈ្មោះថា «ជ័យតេជៈ» ស្ថិតនៅដីឡូត៍លេខ២៦០៨ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយកញ្ញា អ៊ិត កន្និកា ហៅ ពេជ្រ ចរណៃ គឺជាប្រធានសាលាគុនដោយផ្ទាល់។ មិនតែប៉ុណ្ណោះនាង គឺជាតារាសម្ដែង និងជាមន្ត្រីក្នុងជួរទាហានមួយរូបនៅកងពលតូចលេខ៧០។ តែនាងគ្រាន់តែជាគ្រូបង្វឹកនៅក្នុងស្ថាប័នទាហានប៉ុណ្ណោះ គឺមិនទាន់មានតួនាទី ឬស័ក្តិពាក់លើស្មានោះទេ។
ជាមួយគ្នានោះដែរ លោក ចាន់ ឬទ្ធិស័កិ្ត ត្រូវបានប្រកាសថា គឺជាគ្រូបង្គោលនៅក្នុងក្លិបនេះ ដោយអ្នកទាំងពីរ នឹងចូលរួមអភិវឌ្ឍ អភិរក្សបណ្តុះបណ្តាលនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកីឡាគុនល្បុក្កតោដល់យុវជនជំនាន់ក្រោយ។ នៅក្នុងពេលនេះ ក្លិបគុនល្បុក្កតោរបស់នាង បានដើរតួយ៉ាងសំខាន់ ក្នុងការទទួលបង្វឹកសិស្សចាស់ក្មេងចម្រុះវ័យ ដោយនាងបញ្ជាក់ថាកូនសិស្សដែលកំពុងហ្វឹកហាត់ក្នុងក្លិបរបស់នាងរាល់ថ្ងៃមានចំនួនជាង៣០នាក់ ដែលក្នុងនោះភាគច្រើនមានអាយុ២០ជាងឡើងលើ និងកូនក្មេងក្រោម១០ឆ្នាំមានមួយចំនួន ។
សូមជម្រាបថា កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា ចំពោះសិស្សដែលហ្វឹកហាត់រាល់ថ្ងៃតម្រូវឱ្យជួយបង់ប្រាក់ប្រចាំខែក្នុងមួយខែ៦ម៉ឺនរៀល។ ប៉ុន្តែចំពោះសិស្សក្រីក្រខ្វះខាតជីវភាព ដែលមានចិត្តចង់រៀនក្បាច់គុននេះ គឺនាងមិនឱ្យបង់លុយនោះទេ សូមបីតែមួយរៀល គឺមានតែជួយវិញផងដែរ ។ នាងបន្ថែមថា ការតម្រូវឱ្យសិស្សបង់លុយ គឺដើម្បីទប់ទល់ថ្លៃទឹកភ្លើង និង ថ្លៃជួលដីប៉ុណ្ណោះ ប៉ុន្តែបើនាងមានអ្នកជ្រោមជ្រែង គឺនាងនឹងអាចប្ដូរជំហរឈប់បង់ឬអាចជ្រើសយកសិស្សក្រីក្រមកហ្វឹកហាត់ឱ្យបានច្រើន។
តារាក្បាច់គុនដ៏ស្រស់ស្អាតរូបនេះ បន្តថា សាលាបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោខ្មែរដែលនាងបង្កើតបានធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំងដោយនាងមិននឹកស្មានថា ខ្លួនអាចធ្វើឱ្យលេចចេញជារូបរាងដូចដែលបានឃើញនោះទេ ដោយសារតែការបើកក្លិបគឺចំណាយអស់ច្រើន។ ជាក់ស្ដែងទម្រាំតែអាចដំឡើងបានជាក្លិបបង្វឹកមួយនេះ គឺនាងសន្សំលុយដែលបានពីការងារថត និង ការងារផ្សេងៗយ៉ាងលំបាកយកមកបើក ដោយសម្ភារៈក្នុងក្លិបក៏ត្រូវបានឧកញ៉ាម្នាក់ជួយ២០០០ដុល្លារ ទើបអាចមានលទ្ធភាពទិញសម្ភារឱ្យសិស្សហ្វឹកហាត់ ។ ក្លិបនេះ គឺនាងបានស្នើសុំច្បាប់បង្កើតជាសាលាគុនត្រឹមត្រូវ ដោយបណ្ឌិតសភាគុនល្បុក្កតោកម្ពុជាទទួលស្គាល់។
ចំណែកអារម្មណ៍សប្បាយរីករាយរបស់កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ថានាងពិតជារំភើបចិត្ត នៅពេលដែលក្តីបំណងប៉ងប្រាថ្នា បើកសាលាបណ្តុះបណ្តាលគុនល្បុក្កតោខ្មែរទទួលបានជោគជ័យ និងមានការជួយគាំទ្រពីបងប្អូនសប្បុរសជន និងក្មេងៗជំនាន់ក្រោយ បានចូលហាត់រៀនជាហូរហែ។ ហើយការសិក្សាក្បាច់គុនល្បុក្កតោនេះ គឺមិនបានយកកម្រៃអ្វីឡើយសម្រាប់សិស្សដែលមានជីវភាពខ្វះខាតខ្លាំងប៉ុន្តែប្រសិនបើសិស្សណាមានលទ្ធភាព គឺគ្រាន់តែជួយចេញថ្លៃទឹក និងភ្លើង នៅក្នុងសាលាដែលពួកគេហាត់រៀនតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត នាង ថា៖ គោលបំណងសំខាន់ នៃការបើកសាលាបណ្តុះបណ្តាលក្បាច់គុនល្បុក្កតោនេះឡើង គឺដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានសិស្សារៀនសូត្រ ស្នងតំណែងពីលោកគ្រូៗជំនាន់មុន ដែលក្បាច់គុនល្បុក្កតោ ហាក់មិនទាន់មានសកម្មភាពទូលំទូលាយនៅឡើយ ជាពិសេសចង់ឲ្យអន្តរជាតិស្គាល់ពីវប្បធម៌ខ្មែរ និងគ្រឹះនៃក្បាច់គុនខ្មែរ មានតាំងពីបុរាណនិងល្បីល្បាញជាយូរឆ្នាំមកហើយ។យ៉ាងណាក៏ដោយ ពេជ្រ ចរណៃ ក៏បានស្នើដល់មហាជនឲ្យជួយគាំទ្រ និងជួយចែករំលែកអំពីព័ត៌មាន នៃការហាត់រៀនក្បាច់គុនល្បុក្កតោខ្មែរ ឲ្យបានផុសផុល ជ្រួតជ្រាបដល់មហាជនទូទៅ។
គួរបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ កញ្ញា ពេជ្រ ចរណៃ គឺមានសិស្សបានមកចុះឈ្មោះសិក្សាក្បាច់គុនល្បុក្កតោជាបន្តបន្ទាប់ ដោយក្នុងនោះក្រៅពីរូបនាងជាអ្នកបង្ហាត់ដោយផ្ទាល់ គឺនៅមានគ្រូចំនួន៦នាក់បន្ថែមទៀតដើម្បីជួយបង្ហាត់បង្រៀន ខណៈដែលនាងក៏មានភាពមមាញឹកទៅលើការងារសិល្បៈ ដើម្បីស្វះស្វែងរកចំណូលមកទ្រទ្រង់សាលា និងខ្លួនឯងផ្ទាល់ផងដែរ។ ក្នុងនោះនាងក៏ប្រកាសថា មិនមានអ្វីប៉ះពាល់ដល់ការងារបង្ហាត់សិស្សនៅកងទ័ពជើងគោក កងពលតូចលេខ៧០នោះទេ ដោយសារតែមានកាលវិភាគទៅបង្វឹក និងម្យ៉ាងមកពីនៅកងពលតូចលេខ៧០ គឺនាងបង្ហាត់តែព្រឹក និងរសៀល ហើយបើការបង្ហាត់នៅក្លិបរបស់ខ្លួន គឺពេលល្ងាច៕
ដោយ៖សហការី