ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញា​ពេជ្រ ចរណៃ តារា​ក្បាច់​គុន ក្រោយ​បើក​ដំណើរការ​ក្លិប​បង្ហាត់​គុន​ល្បុក្កតោ នាងកំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា​ពេជ្រ ចរណៃ ដែលជាតារា​ក្បាច់​គុនល្បុក្កតោ បន្ទាប់​ពី​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា បានផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សាលា​គុន​ល្បុក្កតោ​របស់​នាង ដែល​មានឈ្មោះ​ថា «​ជ័យ​តេជៈ​»​។ ស្រាប់តែនាពេលថ្មីៗនេះ នាង​កំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ផង និងបាន​បង្ហាញ​ពី​ការ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ប្រឹង​ប្រែង​​លើក​ស្ទួយ​វិស័យ​មួយ​នេះបើ​ទោះជា​នាង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការបង្វឹក​ជា​ប្រចាំ​ថ្ងៃ​ក្ដី។

ជាក់ស្តែងកញ្ញា ពេជ្រ ចរណៃ មានទីតាំង​ក្លិប​របស់​នាង​មានឈ្មោះ​ថា «​ជ័យ​តេជៈ​»​ ស្ថិត​នៅ​ដី​ឡូត៍​លេខ​២៦០៨​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​កញ្ញា អ៊ិ​ត កន្និកា ហៅ ពេជ្រ ចរណៃ គឺជា​ប្រធាន​សាលា​គុន​ដោយ​ផ្ទាល់។ មិនតែប៉ុណ្ណោះនាង គឺជា​តារា​សម្ដែង និង​ជា​មន្ត្រី​ក្នុង​ជួរ​ទាហាន​មួយ​រូប​នៅ​កង​ពលតូច​លេខ​៧០។ តែ​នាង​គ្រាន់តែ​ជា​គ្រូបង្វឹក​នៅ​ក្នុង​ស្ថាប័ន​ទាហាន​ប៉ុណ្ណោះ គឺ​មិន​ទាន់​មាន​តួនាទី ឬ​ស័ក្តិ​ពាក់​លើ​ស្មា​នោះទេ។

ជាមួយគ្នានោះដែរ លោក ចាន់ ឬ​ទ្ធិ​ស័​កិ្ត ត្រូវ​បាន​ប្រកាស​ថា គឺជា​គ្រូ​បង្គោល​នៅ​ក្នុង​ក្លិប​នេះ ដោយ​អ្នក​ទាំង​ពីរ នឹង​ចូល​រួម​អភិវឌ្ឍ អភិរក្សបណ្តុះបណ្តាលនិង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​កីឡា​គុន​ល្បុក្កតោ​ដល់​យុវជន​ជំនាន់​ក្រោយ​។ នៅ​ក្នុង​ពេល​នេះ ក្លិប​គុន​ល្បុក្កតោ​របស់​នាង បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ទទួល​បង្វឹក​សិស្ស​ចាស់​ក្មេង​ចម្រុះ​វ័យ ដោយ​នាង​បញ្ជាក់​ថាកូនសិស្ស​ដែល​កំពុង​ហ្វឹក​ហាត់​ក្នុង​ក្លិប​របស់​នាង​រាល់ថ្ងៃ​មាន​ចំនួន​ជាង​៣០​នាក់ ដែល​ក្នុង​នោះ​ភាគច្រើន​មាន​អាយុ​២០​ជាង​ឡើង​លើ និង​កូន​ក្មេង​ក្រោម​១០​ឆ្នាំ​មាន​មួយ​ចំនួន ។

សូមជម្រាបថា កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា ចំពោះសិស្ស​ដែល​ហ្វឹកហាត់​រាល់ថ្ងៃ​តម្រូវ​ឱ្យ​ជួយ​បង់​ប្រាក់ប្រចាំខែ​ក្នុង​មួយ​ខែ​៦​ម៉ឺន​រៀល។ ប៉ុន្តែចំពោះ​សិស្ស​​ក្រីក្រ​ខ្វះខាតជីវភាព ដែលមានចិត្តចង់រៀនក្បាច់គុននេះ គឺនាង​មិន​ឱ្យ​បង់លុយ​នោះទេ សូមបីតែមួយ​រៀល​ គឺ​មាន​តែ​ជួយ​វិញផងដែរ ។ នាងបន្ថែមថា ការ​តម្រូវ​ឱ្យ​សិស្ស​បង់លុយ គឺ​ដើម្បី​ទប់ទល់​ថ្លៃ​ទឹក​ភ្លើង និង ថ្លៃ​ជួល​ដី​ប៉ុណ្ណោះ ប៉ុន្តែ​បើ​នាង​មាន​អ្នក​ជ្រោម​ជ្រែង គឺ​នាង​នឹង​អាច​ប្ដូរ​ជំហរ​ឈប់​បង់ឬ​អាច​ជ្រើស​យក​សិស្ស​ក្រីក្រ​មក​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​។

តារាក្បាច់គុនដ៏ស្រស់ស្អាតរូបនេះ បន្ត​ថា សាលា​បណ្តុះបណ្តាល​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ដែល​នាង​បង្កើត​បាន​ធ្វើ​ឱ្យ​នាង​​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដោយ​នាង​មិន​នឹក​ស្មានថា ខ្លួន​អាច​ធ្វើ​ឱ្យ​លេច​ចេញ​ជា​រូប​រាង​ដូច​ដែល​បានឃើញ​នោះ​ទេ ដោយសារ​តែ​ការ​បើក​ក្លិប​គឺ​ចំណាយ​អស់​ច្រើន។ ជាក់ស្ដែង​ទម្រាំ​​តែ​អាច​ដំឡើង​បានជា​ក្លិប​បង្វឹក​មួយ​នេះ គឺ​នាង​សន្សំ​លុយ​ដែល​បាន​ពី​ការងារ​ថត និង ការងារ​ផ្សេង​ៗ​យ៉ាង​លំបាក​យក​មក​បើក ដោយ​សម្ភារៈ​ក្នុង​ក្លិប​ក៏​ត្រូវ​បាន​ឧកញ៉ា​ម្នាក់​ជួយ២០០០​ដុល្លារ ទើប​អាច​មាន​លទ្ធភាព​ទិញ​សម្ភារ​ឱ្យ​សិស្ស​ហ្វឹកហាត់ ។ ក្លិប​នេះ គឺ​នាង​បាន​ស្នើ​សុំ​ច្បាប់​បង្កើត​ជា​សាលា​គុន​ត្រឹមត្រូវ ដោយ​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា​ទទួលស្គាល់​។

ចំណែកអារម្មណ៍​សប្បាយ​រីករាយរបស់កញ្ញា ពេជ្រ ចរណៃ បាន​រៀបរាប់​​ថានាង​ពិតជា​រំភើបចិត្ត នៅ​ពេល​ដែល​ក្តី​បំណង​ប៉ងប្រាថ្នា បើក​សាលា​បណ្តុះបណ្តាល​គុន​ល្បុក្កតោ​ខ្មែរ​ទទួល​បាន​ជោគជ័យ និង​មានការ​ជួយ​គាំទ្រ​ពី​បងប្អូន​សប្បុរសជន និង​ក្មេង​ៗ​ជំនាន់​ក្រោយ បាន​ចូល​ហាត់រៀន​ជា​ហូរហែ។ ហើយការ​សិក្សា​ក្បាច់គុន​ល្បុក្កតោ​នេះ គឺ​មិន​បាន​យក​កម្រៃ​អ្វី​ឡើយសម្រាប់​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​ខ្លាំងប៉ុន្តែ​ប្រសិនបើ​សិស្ស​ណា​មាន​លទ្ធភាព គឺ​គ្រាន់តែ​ជួយ​ចេញថ្លៃ​ទឹក និង​ភ្លើង នៅ​ក្នុង​សាលា​ដែល​ពួក​គេ​ហាត់រៀន​តែ​ប៉ុណ្ណោះ​។

លើសពីនេះទៅទៀត នាង ថា៖ គោលបំណង​សំខាន់ នៃ​ការ​បើក​សាលា​បណ្តុះបណ្តាល​ក្បាច់​គុន​​ល្បុក្កតោ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយបាន​សិ​ស្សា​រៀនសូត្រ ស្នង​តំណែង​ពី​លោកគ្រូ​ៗ​ជំនាន់​មុន ដែល​ក្បាច់​គុន​ល្បុក្កតោ ហាក់​មិន​ទាន់​មាន​សកម្មភាព​ទូលំទូលាយ​នៅ​ឡើយ ជា​ពិសេស​ចង់​ឲ្យ​អន្តរជាតិ​ស្គាល់​ពី​វប្បធម៌​ខ្មែរ និង​គ្រឹះ​នៃ​ក្បាច់​គុន​ខ្មែរ មាន​តាំងពី​បុរាណ​និង​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មក​ហើយ។យ៉ាងណា​ក៏​ដោយ ពេជ្រ ចរណៃ ក៏​បាន​ស្នើ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ និង​ជួយ​ចែករំលែក​អំពី​ព័ត៌​មាន នៃ​ការ​ហាត់រៀន​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ឲ្យ​បាន​ផុសផុល ជ្រួតជ្រាប​ដល់​មហាជន​ទូទៅ​។

គួរបញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេះ កញ្ញា ពេជ្រ ចរណៃ គឺ​មាន​សិស្ស​បាន​មក​ចុះ​ឈ្មោះ​សិក្សា​ក្បាច់គុន​ល្បុក្ក​តោ​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះក្រៅពី​រូប​នាង​ជា​អ្នក​បង្ហាត់​ដោយ​ផ្ទាល់ គឺ​នៅ​មាន​គ្រូ​ចំនួន​៦​នាក់​បន្ថែម​ទៀតដើម្បី​ជួយ​បង្ហាត់បង្រៀន ខណៈ​ដែល​នាង​ក៏​មាន​ភាព​មមាញឹក​ទៅ​លើ​ការងារ​សិល្បៈ ដើម្បី​ស្វះ​ស្វែងរក​ចំណូល​មក​ទ្រទ្រង់​សាលា និង​ខ្លួនឯង​ផ្ទាល់​ផង​ដែរ។ ក្នុងនោះ​នាង​ក៏​ប្រកាស​ថា មិន​មាន​អ្វី​ប៉ះពាល់​ដល់​ការងារ​បង្ហាត់​សិស្ស​នៅ​កងទ័ពជើងគោក កងពលតូច​លេខ​៧០​នោះ​ទេ ដោយសារ​តែ​មាន​កាលវិភាគ​ទៅ​បង្វឹក និង​ម្យ៉ាង​មក​ពី​នៅ​កងពលតូច​លេខ​៧០ គឺ​នាង​បង្ហាត់​តែ​ព្រឹក និង​រសៀល ហើយ​បើ​ការ​បង្ហាត់​នៅ​ក្លិប​របស់​ខ្លួន គឺ​ពេល​ល្ងាច​៕

ដោយ៖សហការី


ចែករំលែក៖