ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷ បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

ចែករំលែក៖

មាននិទានមួយដំណាលថា មានបុរស ៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរស ៤ នោះតែងទៅដងទឹកមកស្រោចដើមដូងនោះសព្វថ្ងៃ ។ បុរសនៅឯកើតទៅដងទឹកពីស្រះខាងកើត បុរសនៅឯលិចទៅដងទឹកពីស្រះខាងលិច បុរសនៅឯជើងទៅដងទឹកពីស្រះខាងជើង បុរសនៅឯត្បូងទៅដងទឹកពីស្រះខាងត្បូង ស្រះទាំង ៤ នោះសឹងមានចម្ងាយនោះស្មើគ្នា ។ លុះដូងផ្លែ ៥ បុរសទាំង ៤ បេះផ្លែដូង ៥ នោះមកចែកគ្នា ១ ម្នាក់នៅសល់ផ្លែដូង ១ ក៏បណ្ដើរគ្នា ហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ចៅទាំង ៣ នាក់ នេះសឹងព្រួយស្មើគ្នា តែចៅម្នាក់នៅខាងកើតដើមដូងនោះ ព្រួយលើសគេ ពិបាកលើសគេបន្តិច ព្រោះព្រឹកព្រហាមឡើង បុរសនោះចេញទៅដងទឹកស្រះ ព្រះអាទិត្យចាំងពីមុខ លុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងពីមុខ បុរសនោះដើរច្រាស់ថ្ងៃទៅវិញទៅមកដូច្នេះ ទើបផ្លែដូង ២ ត្រូវបានទៅចៅនៅខាងកើតនោះឯង ” ។ ព្រះអង្គកាត់សេចក្ដីដូច្នេះ បុរសទាំង ៤ នាក់ព្រមចូលចិត្ត ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នោះ ហៅសុគតិគមនំហោង ៕

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖