ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីតៃវ៉ាន់ បោះដៃទៅរកចិនក្នុងសារអបអរឆ្នាំថ្មីនេះ!

ចែករំលែក៖

អន្តរជាតិ៖ ក្នុងសារអបអរឆ្នាំថ្មីនេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានបោះដៃទៅរកចិន ដើម្បីត្រៀមខ្លួនជជែកជាមួយចិនប្រកបដោយអត្ថន័យ បើសិនភាគីទាំងពីរទុកការខ្វែងគំនិតគ្នាដោយឡែក។

លោកស្រី Tsai Ing-wen តាំងពីឡើងកាន់ជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦មក មិនដែលមានទំនាក់ទំនងល្អឆ្លងច្រកតៃវ៉ាន់-ចិននោះឡើយ ដោយលោកស្រីមាននិន្នាការខ្លាំងទៅរកការប្រកាសឯករាជ្យ ខណៈដែលតៃវ៉ាន់រងសម្ពាធខ្លាំងពីសំណាក់ចិនដីគោកទាំងការទូត និងយោធា ហើយជារឿយៗ យន្តហោះចម្បាំងចិនហោះទៅកៀកដែនកោះនេះ ទាំងនាវាចម្បាំង ពិសេសនាវាដឹកយន្តហោះផងនោះ តែងបើកកាត់ច្រកសមុទ្រខណ្ឌចែកទឹកដីចិនទាំងពីរ។

លោកស្រី Tsai ថ្លែងសុន្ទរកថាមុនឆ្លងឆ្នាំថ្មីនេះ ដោយនិយាយថា ឆ្នាំកន្លងមក សកម្មភាពកងទ័ពចិនក្បែរតៃវ៉ាន់ បានបង្កការគំរាមដល់សន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រីប្រកាសថា តៃវ៉ាន់បន្តប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនដដែលក្នុងទំនាក់ទំនងជាមួយចិន។ បន្ថែមពីលើនោះ សកម្មភាពរបស់ចិនក៏មិនបានរារាំងមេដឹកនាំតៃវ៉ាន់ បោះដៃរកចិនដើម្បីចូលតុចរចាដែរ។

លោកស្រី Tsai បានបញ្ជាក់ក្នុងសុន្ទរកថារបស់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ថា៖ «ដរាបណាអាជ្ញាធរប៉េកាំង តាំងចិត្តលុបបំបាត់ការបង្ករឿង ហើយជំរុញទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ ដោយអនុវត្តតាមគោលការណ៍ទៅមក សុចរិតភាព យើងមានឆន្ទៈជំរុញឲ្យមានកិច្ចសន្ទនាដ៏មានអត្ថន័យ»។

បច្ចុប្បន្ន ចិន និងតៃវ៉ាន់គ្មានបណ្ដាញទំនាក់ទំនងផ្លូវការឡើយ ក្រោយចិនកាត់ផ្ដាច់នៅឆ្នាំ២០១៦ ពេលលោកស្រី Tsai ចូលកាន់តំណែង។ ចិនដាក់លក្ខខណ្ឌឲ្យតៃវ៉ាន់ទទួលខ្លួនជាផ្នែកមួយរបស់ចិនសិន ទើបអាចភ្ជាប់ទំនាក់ទំនងឡើងវិញបាន តែលោកស្រី Tsai មិនព្រម។ មេដឹកនាំតៃវ៉ាន់ រំពឹងថា ពេលជំងឺកូវីដ-១៩ផុតរលត់ទៅ ការផ្លាស់ប្ដូររវាងទឹកដីទាំងពីរអាចចាប់ផ្ដើមឡើងវិញ ហើយអាចបន្ធូរបន្ថយការយល់ឃើញខុសគ្នាផងដែរ។

គេមិនឃើញមានការឆ្លើយតបរបស់ចិនឡើយ។ ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី ប្រធានាធិបតី ស៊ី ជិីនពីង ក៏មិនបាននិយាយអ្វីទាក់ទងនឹងតៃវ៉ាន់ដែរ៕ដោយ៖ស តារា


ចែករំលែក៖