ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់AK47ចំនួន១.៤០២គ្រាប់ ប្រជាពលរដ្ឋកាយដីដំបូកស្រែប្រទះឃើញ បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០ ។
លោក ឈឿង គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ ជុំ ជឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលគ្រឿងចក្រ កាយដំបូកស្រែ នៅចំណុចគោកវល្លិ៍ប្រេង ខាងកើតភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចំងាយប្រមាណ១.៥០០ម៉ែត្រ បានប្រទះឃើញគ្រាប់(AK47) ចំនួន១.៤០២គ្រាប់ (ខូចគុណភាព) ដែលបានកប់នាសម័យសង្រ្គាម។
លោកអធិការបញ្ជាក់ថា៖នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០នេះដែរ ប្រជាពលរដ្ឋឈ្មោះជុំ ជឿន ក៏បានប្រគល់គ្រាប់ទាំងនោះ មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីរក្សាទុកបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុនិងរង់ចាំប្រគល់ឲ្យអង្គភាពស៊ីម៉ាក់យកទៅកំទេចចោលផងដែរ ៕ដោយ៖វណ្ណា