ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពញាចក្រី ហេង សំរិន ផ្តល់អំណោយអគារសិក្សា១ខ្នង ពីរជាន់ដល់វិទ្យាល័យសម្តេចហេងសំរិន អន្លង់ជ្រៃ និងអញ្ជេីញពិនិត្យការសាងសង់អាងចម្រោះទឹកស្អាតនៅខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យការកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋាន នៅក្នុងនោះ សម្តេចបានចុះពិនិត្យ ការសាងអាងចម្រោះទឹកស្អាត នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានអញ្ជើញទៅពិនិត្យសកម្មភាពសិក្សានៅ វិទ្យាល័យសម្តេចហេងសំរិន អន្លង់ជ្រៃ នៅក្នុងខេត្តត្បូងឃ្មុំ។

តបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ និងភាពចាំបាច់របស់វិទ្យាល័យ ដែលមានកំណើនសិស្សចូលសិក្សាកើនឡើងជារៀងឆ្នាំ សម្តេចនិង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានផ្តល់ជូនជាចំណងដៃឆ្នាំថ្មី ដល់វិទ្យាល័យសម្តេចហេងសំរិន អន្លង់ជ្រៃ នូវអគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ពីរជាន់ ស្មើនឹង ១២បន្ទប់ បន្ថែមទៀត។

ឆ្លៀតឱកាសអញ្ជើញចុះពិនិត្យការកសាងសង់សមិទ្ធផលនៅតាមមូលដ្ឋាននេះ សម្តេចប្រធានអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវ ដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ដោយទទួលទានទឹក ចំណីអាហារស្អាត ពិសេសត្រូវយកចិត្តទុកដាក់ធ្វើអនាម័យនៅក្នុងរស់នៅ ក្នុងពេលដែលសកលលោក កំពុងរាតត្បាតដោយជំងឺកូវីដ១៩ នេះ ត្រូវគោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចំា កុំធ្វេសប្រហែសឲ្យសោះ។

សម្តេចបានជំរុញប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះចូលរួមឲ្យបានគ្រប់គ្នា នៅក្នុងឱកាសបវេសនកាលខាងមុខនេះ។ សម្តេចលើកឡើងថា ចំណេះវិជ្ជាមានតម្លៃបំផុតនៅក្នុងការរស់នៅ។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាពសាលារៀន មន្ទីរពេទ្យ ទឹកស្អាត បានខិតជិតមកកាន់តែជិតប្រជាពលរដ្ឋ បង្កការងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅគ្រប់តំបន់ មិនថាទីជនបទនោះឡើយ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានជំរុញដល់ប្រជាពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វនានា សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចំាថ្ងៃ និងជាការលើកកម្ពស់ប្រាក់ចំណូលគ្រួសារផង។

បន្ថែមពីនេះសម្តេច​ ក៏បានលើកទឹកចិត្តដល់អាជ្ញារមូលដ្ឋានពាក់ព័ន្ធបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ មានប្រសិទ្ធិភាពនិងទាន់ពេលវេលាតាមមត្រូវការរបស់ម្ចាស់ឆ្នោត៕

ដោយ៖សហការី


ចែករំលែក៖