ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​៨៤លាននាក់

ចែករំលែក៖

តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតមកដល់ព្រឹកថ្ងៃទី​២ខែមករាឆ្នាំ២០២១នេះ ពិភពលោកមានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ 84.361.826នាក់ និងស្លាប់ 1.834.484នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់59.624.587នាក់ផងដែរ។
អាមេរិកនៅតែជាប្រទេសនាំមុខគេដដែលពីចំនួនអ្នកឆ្លងកូវីដ​-១៩ ​ដោយមកទល់ពេលនេះមានអ្នកឆ្លងសរុប​ 20.617.346នាក់ និងស្លាប់ 356.445នាក់​។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៦៦,០៤៤នាក់ទៀតបានឆ្លង COVID-19 ខណៈដែលអ្នកជំងឺ ២,១២៩នាក់ទៀតឯណោះបានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ចូ បៃឌិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាស់ទូទាំងប្រទេសជាដើម។
បច្ចុប្បន្នពលរដ្ឋអាមេរិកជាង​២,៦លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងកូវីដ​-១៩​ គឺតិចជាងការគ្រោងទុក។ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក បានជំរុញបង្កើនល្បឿននៃការចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុត​។
ជាមួយគ្នានេះប្រទេសជុំវិញពិភពលោកបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ​ដោយមកទល់ពេលនេះមានក្រុមហ៊ុនវ៉ាក់សាំងជាច្រើន​បានអនុម័តឲ្យប្រើប្រាស់ ។ ដូច្នេះការផ្គត់ផ្គង់វ៉ាក់សំាងនឹងធ្វើឡើងបានលឿន បំពេញតម្រូវការចាក់វ៉ាក់សាំងទាន់ពេលវេលា ដើម្បីបញ្ចប់កូវីដ​-១៩​៕

ដោយ៖ធី រីណា(រូបភាព៖Bloomberg)


ចែករំលែក៖