ព័ត៌មានទាន់ហេតុការណ៍៖

ចំនួន​អ្នកស្លាប់​ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង

ចែករំលែក៖

អន្តរជាតិ៖​ បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ហុល្លង់ ដែល​បូកសរុប​ទិន្នន័យ​គ្រោះថ្នាក់​ផ្លូវអាកាស​ប្រចាំឆ្នាំ​២០២០ បានបញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ឆ្នាំ​២០២០ បាន​កើនឡើង ទោះជា​ចំនួន​យន្តហោះ​ធ្លាក់​បាន​ថយចុះ​ជាង​ពាក់កណ្ដាល​បើធៀប​នឹង​ឆ្នាំ​២០១៩ក្ដី​។

​ក្នុង​របាយការណ៍​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​របស់​ហុល្លង់ To70 ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ពាណិជ្ជកម្ម​ធុន​ធំ​ចំនួន​៤០​ករណី ដែល​ក្នុងនោះ​មាន​៥​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ មនុស្ស​២៩៩​នាក់ បាន​ស្លាប់ ខណៈ​នៅ​ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​៨៦​លើក សម្លាប់​មនុស្ស​២៥៧​នាក់​។​

​ចំណែកយន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ មាន​អត្រា​គ្រោះថ្នាក់​មួយ​លើក​រៀងរាល់​៣.៧​លាន​ជើងហោះហើរ​ក្នុង​ឆ្នាំ​២០២០ ហើយ​មាន​អត្រា​គ្រោះថ្នាក់​ដល់​ជីវិត​០.២៧ ដែល​កើនឡើង​បន្តិច​បើធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​អត្រា​គ្រោះថ្នាក់​ដល់​ជីវិត​០.១៨ ក្នុងចំណោម​ជើងហោះហើរ​ពេញ​មួយឆ្នាំ​។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយ។

​សូមជម្រាបថា​ ការថយចុះ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ទំនងជា​បណ្ដា​លពី​ការថយចុះ​ចំនួន​ជើងហោះហើរ​ផងដែរ ដោយសារ​ក្នុង​ឆ្នាំ​២០២០ សកម្មភាព​ហោះហើរ បាន​ថយចុះ​យ៉ាងខ្លាំង​ព្រោះតែការផ្ទុះ​ឡើង​ជំងឺ​កូ​វីដ​-១៩​។

បេីតាមវេ​ប​សាយ Flightradar24 ដែល​តាមដាន​ការហោះហើរ​ជុំវិញ​ពិភពលោក បានរាយការណ៍​ថា ចំនួន​ជើងហោះហើរ​ដែល​ខ្លួន​តាមដាន​ក្នុង​ឆ្នាំ​២០២០ បាន​ថយចុះ​ដល់​ទៅ​៤២​ភាគរយ ដោយមាន​ត្រឹមតែ​ជាង​២៤​លាន​ជើងហោះហើរ​ប៉ុណ្ណោះ​។​

​គួរបញ្ជាក់ថា​ របាយការណ៍​របស់ To70 បង្ហាញថា ច្រើនជាង​ពាក់កណ្ដាល​នៃ​អ្នកស្លាប់​ក្នុង​ឆ្នាំ​២០២០ ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ក្នុង​ខែមករា ដែល​យន្តហោះ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​អុីរ៉ង់ និង​សម្លាប់​មនុស្ស​១៧៦​នាក់​។ ករណី​ស្លាប់​លំដាប់​ទី​ពីរ គឺ​ការធ្លាក់​យន្តហោះ​នៅ​ប៉ា​គី​ស្ថាន​ក្នុង​ខែឧសភា ដែលមាន​អ្នកស្លាប់​៩៨​នាក់​៕ដោយ៖ស​ តារា



រូបភាព៖xinhua

 


ចែករំលែក៖