អន្តរជាតិ៖ បើតាមរបាយការណ៍របស់ក្រុមហ៊ុនហុល្លង់ ដែលបូកសរុបទិន្នន័យគ្រោះថ្នាក់ផ្លូវអាកាសប្រចាំឆ្នាំ២០២០ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឆ្នាំ២០២០ បានកើនឡើង ទោះជាចំនួនយន្តហោះធ្លាក់បានថយចុះជាងពាក់កណ្ដាលបើធៀបនឹងឆ្នាំ២០១៩ក្ដី។
ក្នុងរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់របស់ហុល្លង់ To70 ឆ្នាំ២០២០ មានគ្រោះថ្នាក់ធ្លាក់យន្តហោះពាណិជ្ជកម្មធុនធំចំនួន៤០ករណី ដែលក្នុងនោះមាន៥ករណីបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ មនុស្ស២៩៩នាក់ បានស្លាប់ ខណៈនៅឆ្នាំ២០១៩ មានគ្រោះថ្នាក់ធ្លាក់យន្តហោះ៨៦លើក សម្លាប់មនុស្ស២៥៧នាក់។
ចំណែកយន្តហោះដឹកអ្នកដំណើរខ្នាតធំ មានអត្រាគ្រោះថ្នាក់មួយលើករៀងរាល់៣.៧លានជើងហោះហើរក្នុងឆ្នាំ២០២០ ហើយមានអត្រាគ្រោះថ្នាក់ដល់ជីវិត០.២៧ ដែលកើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០១៩ ដែលមានអត្រាគ្រោះថ្នាក់ដល់ជីវិត០.១៨ ក្នុងចំណោមជើងហោះហើរពេញមួយឆ្នាំ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។
សូមជម្រាបថា ការថយចុះគ្រោះថ្នាក់ធ្លាក់យន្តហោះ ទំនងជាបណ្ដាលពីការថយចុះចំនួនជើងហោះហើរផងដែរ ដោយសារក្នុងឆ្នាំ២០២០ សកម្មភាពហោះហើរ បានថយចុះយ៉ាងខ្លាំងព្រោះតែការផ្ទុះឡើងជំងឺកូវីដ-១៩។
បេីតាមវេបសាយ Flightradar24 ដែលតាមដានការហោះហើរជុំវិញពិភពលោក បានរាយការណ៍ថា ចំនួនជើងហោះហើរដែលខ្លួនតាមដានក្នុងឆ្នាំ២០២០ បានថយចុះដល់ទៅ៤២ភាគរយ ដោយមានត្រឹមតែជាង២៤លានជើងហោះហើរប៉ុណ្ណោះ។
គួរបញ្ជាក់ថា របាយការណ៍របស់ To70 បង្ហាញថា ច្រើនជាងពាក់កណ្ដាលនៃអ្នកស្លាប់ក្នុងឆ្នាំ២០២០ ជាជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងខែមករា ដែលយន្តហោះអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយអុីរ៉ង់ និងសម្លាប់មនុស្ស១៧៦នាក់។ ករណីស្លាប់លំដាប់ទីពីរ គឺការធ្លាក់យន្តហោះនៅប៉ាគីស្ថានក្នុងខែឧសភា ដែលមានអ្នកស្លាប់៩៨នាក់៕ដោយ៖ស តារា
រូបភាព៖xinhua