ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា នៅកម្ពុជាធ្លាក់ត្រជាក់ដល់១២អង្សាសេ ដល់១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា នៅកម្ពុជាធ្លាក់ត្រជាក់ដល់១២អង្សាសេ ដល់១៥អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម មនុស្សព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ 

 ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាន និងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានកាន់តែបង្កើនឥទ្ធិពលខ្លាំង ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ ២០២១ នេះ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

១- នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៤°C ទៅ ១៧°C ។ ពិសេស ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង) សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១២°C ទៅ ១៥°C លាយឡំជាមួយខ្យល់ខ្លាំង ។

២- នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៦°C ទៅ ១៩°C ។ ពិសេស ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ធំ សៀមរាប  ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥°C ទៅ ១៨°C លាយឡំជាមួយខ្យល់មធ្យម ។

៣- នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស វីរៈ   កងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖