រដ្ឋាភិបាលឥណ្ឌាបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅកាន់គោលដៅនៅទូទាំងប្រទេសត្រៀមលក្ខណៈចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតលើពិភពលោក។
នៅថ្ងៃទី១២ខែមករា ក្រុមហ៊ុន អាកាសចរណ៍ ឥណ្ឌាបានដឹកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ទៅចែកចាយនៅទូទាំងប្រទេស ជាការត្រៀមលក្ខណៈចាក់ជូនពលរដ្ឋទ្រង់ទ្រាយធំបំផុតលើពិភពលោក។ ឥណ្ឌាមានពលរដ្ឋជាង១,៣ពាន់លាននាក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានឥណ្ឌាចាត់ទុកថាជាការចាក់ទ្រង់ទ្រាយធំលើពិភពលោក។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា នឹងចាក់ជូនពលរដ្ឋងាយរងគ្រោះឱ្យបានយ៉ាងតិច៣០០លាននាក់ ក្នុងរយៈពេលពី៦-៨ខែ ។ ការចាក់វ៉ាក់សំាងនៅឥណ្ឌានឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
តាមគម្រោងចាក់វ៉ាក់សាំងដំបូងនឹងចាក់ជូនបុគ្គលិកសុខាភិបាល ប្រមាណ៣០លាននាក់នៅឥណ្ឌា បន្ទាប់មកនឹងចាក់ជូនពលរដ្ឋមានអាយុចាប់ពី៥០ឆ្នាំឡើងមានប្រមាណ២៧០លាននាក់។
រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ឥណ្ឌា លោកHardeep Singh Puri បានឲ្យដឹងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍ នឹងដឹកជញ្ជូនវ៉ាក់សាំង ចំនួន៥,៦៥ លានដូសទៅកាន់បណ្តាទីក្រុងក្នុងប្រទេសឥណ្ឌា ។ នៅក្នុងរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី Gujarat ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំងមុនគេ។
រដ្ឋាភិបាលឥណ្ឌាបានព្រមព្រៀងទិញវ៉ាក់សាំងផលិតដោយប្រទេសរបស់ខ្លួន ក្នុងតម្លៃតែ២,៧២ដុល្លារ ក្នុងមួយដូស។ ជាមួយគ្នានេះឥណ្ឌាក៏បានទិញវ៉ាក់សាំងពី ក្រុមហ៊ុនAstraZeneca របស់អង់គ្លេសដែរ ប៉ុន្តែផលិតនៅក្នុងប្រទេសឥណ្ឌា ។
មកទល់ពេលនេះឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ជាង ១០លាននាក់ និងស្លាប់១៥១.០០០នាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក ។
នៅថ្ងៃទី១២ខែមករាឆ្នាំ២០២១ ឥណ្ឌារកឃើញករណីឆ្លងថ្មី១២.៥៨៤នាក់ ៕
ដោយ៖ធី រីណា(រូបភាព៖Reuters)