ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ យោធភូមិភាគទី៥ បាននាំយកថវិកាបរិច្ចាគដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១២ ខែមករា ២០២១ បាននាំយកថវិកាចំនួន ១២៥,៧៤៥,០០០រៀល និងប្រាក់ដុល្លារ ចំនួន១,០០០ ដុល្លារដែលជាថវិកាបានមកពីការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តរបស់ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាព និងស្ថាប័នចំណុះយោធភូមិភាគទាំងអស់ដែលបានស្ម័គ្រចិត្ត ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ក្នុងពិធីប្រគល់ប្រាក់បរិច្ចាគនាពេលនោះគឺស្ថិតក្រោមអធិបតីភាព ឧត្តម សេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការង នាយសេនាធិការ កងទ័ពជើងគោក។

ជំនួសមុខជូនមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាព និងស្ថាប័នចំណុះយោធភូមិភាគទី៥ទាំងអស់ដែលបានស្ម័គ្រចិត្ត ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលនេះ។

តាមរបាយការណ៍ ថវិកាបរិច្ចាគដោយស្ម័គ្រចិត្ត ដែលបានធ្វើពិធីប្រគល់ក្នុងឱកាសនោះរួមមាន បញ្ជាការដ្ឋានយោធភូមិភាគទី៥ កងពលតូចថ្មើរជើងលេខ៥១, ៥២,៥៣ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, ពោធិ៍សាត់, ប៉ៃលិន និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ការបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាននាពេលនេះបានបង្ហាញពីការចូលរួមគាំទ្រយ៉ាងផុសផុល ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងការគាំពារសុខមាលភាពប្រជាពលរដ្ឋទូទៅ៕

ដោយ៖សិលា


ចែករំលែក៖