ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ជំរុញឱ្យអាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ខ្ពស់ធ្វើចត្តាឡីស័កពលករខ្មែរ ត្រឡប់ពីប្រទេសថៃ ដើម្បីការពារជំងឺកូវីដ-១៩ ចូលសហគមន៍

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ខ្ពស់ការធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋខ្មែរ ដែលជាពលករត្រឡប់មកពីប្រទេសថៃវិញ ដើម្បីការពារពីជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍និង ក្នុង គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍  ជាពិសេសពលករឆ្លងដែនពីប្រទេសថៃ គឺ ត្រូវ ពិនិត្យ សុខភាព ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និង ការធ្វើ ចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ   មុន នឹង ឱ្យ ពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

ដែលកិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីអភិបាលខេត្តប៉ៃលិន លោកស្រី លី អៃឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ព្រមទាំងប្រធានមន្ទីរសុខាភិបាលខេត្តនិងជំនាញពាក់ព័ន្ធជាច្រើនទៀត។  

ការជំរុញបែបនេះរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីអញ្ជើញជាតំណាងសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយតំណាងអង្គសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡែន ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយអភិបាលខេត្តប៉ៃលិន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំងចុះពិនិត្យស្វែងយល់ស្ថានភាពច្រកអន្តរជាតិព្រំ ក៏ដូចជាមណ្ឌលចត្តាឡីស័កមួយចំនួនក្នុងខេត្តផងដែរ។

នៅក្នុងឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា សម្រាប់បញ្ហាជំងឺកូវីដ-១៩ គឺកំពុងក្តៅគគុកចំពោះពលករដែលឆ្លងដែនពីប្រទេសថៃមកកម្ពុជា ជាពិសេសខេត្តប៉ៃលិនដែលកំពុងមានអ្នកជម្ងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយទាមទារអោយអាជ្ញាធរខេត្តនិងមន្ទីរសុខាភិបាលខេត្តយកចិត្តទុកដាក់ខ្ពស់ផងដែរ ក្នុងចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍  ជាពិសេសពលករឆ្លងដែនពីប្រទេសថៃ គឺ ត្រូវ ពិនិត្យ សុខភាពឱ្យបានម៉ត់ចត់ត្រឹមត្រូវ និងការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃមុន នឹង ឱ្យពួកគាត់ត្រឡប់ទៅគេហដ្ឋាន  វិញ»។ 

ឆ្លៀតក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល សូមសំដែងនូវអំណរគុណចំពោះអាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដែលរហូតមកដល់ថ្ងៃនេះធ្វើការទបស្កាត់អ្នកឆ្លងជំងឺ
កូវីដ-១៩ បានទាន់ពេលវេលា និងការធ្វើចត្តាឡីសក្តិចំពោះពលករដែលចូលមកខេត្តប៉ៃលិនតាមច្រករបៀងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកន្លងមកនេះ លោកមិនបានសម្រាកទេ បុណ្យទានគេសម្រាកពេទ្យអត់បានសម្រាកទេ។ លោកស្រីសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តនៅបេសកកម្មដ៏ថ្លៃថ្លានេះ និងធ្វើយ៉ាងណាឱ្យតម្លៃសុខាភិបាល ត្រូវតែមានជានិរន្ត ឋិតឋេរជារៀងរហូត ហើយត្រូវតែថែរក្សានៅក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបាន១០០ភាគរយ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមកស្របតាមយន្តការស្តង់ដាសុខភាពពិភពលោក ក្នុងនោះឃើញថាខេត្តប៉ៃលិនបានអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់។  

លោកស្រីអភិបាលខេត្ត ក៏ជម្រាបជូនលោកស្រីរដ្ឋលេខាធិការ ពីការខិតខំប្រឹងប្រែងចូលរួមអាជ្ញាធរខេត្ត ក្រុងស្រុក និងមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានយ៉ាងល្អ។ 

លោកស្រីអភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ ថ្វីត្បិតខេត្តប៉ៃលិនទើបតែផ្ទុះជម្ងឺកូវីដ-១៩ ខ្លាំងពីពលករឆ្លងដែនពីថៃចូលមកកម្ពុជាថ្មីនេះៗក៏ដោយ ក្នុងនោះមានអ្នកវិជ្ជមានជំងឺកូវីដជាពលករចំនួន ១៣នាក់។ជាមួយគ្នានោះអាជ្ញាធរខេត្តបានដាក់កងកំលាំងមានសមត្ថកិច្ចប្រចាំការតាមច្រករបៀងទាំង ២៥ច្រក ដើម្បីទប់ស្កាត់ពលករឆ្លងដែនចូលមកនិងទប់ស្កាត់មិនអោយមានជំងឺកូវីដចូលសហគមន៍ទៀតផង។

លោកស្រីបានបន្ថែមថា ដើម្បី បង្ការការរីករាលដាលនៃជំងឺកូវីដ-១៩របស់ពលករ  រដ្ឋបាលខេត្តបានត្រៀមសម្រាប់មណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុប ៥កន្លែង ក្នុងនោះកម្រិត១ ចំនួន៤កន្លែង និងកម្រិត២ចំនួន១កន្លែង  ព្រមទាំងបានផ្តល់នូវថវិកាលើកទឹកចិត្តដល់ មន្រ្តី ប្រចាំការ និងក្រុមគ្រូពេទ្យផងដែរ ។

សម្រាប់ខេត្តប៉ៃលិនមកដល់ពេលនេះមានអ្នកកើតជំងឺកូវីដ-១៩ចំនួន១៣នាក់ហើយ ក្នុងនោះយើងបានព្យាបាលជាសះស្បើយចំនួន ៦នាក់ ដែលពួកគាត់ជាពលករឆ្លងដែនចូលមកកម្ពុជាក្រោមការគ្រប់គ្រងនិងយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តផងដែរ។  ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិនក៏បានថ្លែងអំណរគុណដល់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានឆ្លៀតពេលដ៏មមាញឹកចុះមកបំពេញភារកិច្ចក្នុងខេត្តប៉ៃលិន។  

បន្ទាប់ពីជួបសំណេះសំណាលនិងពិភាក្សាការងារនៅសាលាខេត្តប៉ៃលិនរួចមក លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អៃឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យមើលការបម្រើសេវាព្យាបាលចំពោះប្រជាពលរដ្ឋ និងការគ្រប់គ្រងរបស់មន្ត្រីសុខាភិបាលដើម្បីធ្វើយ៉ាងណាអនុវត្តតួនាទីជាគ្រូពេទ្យបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងធ្វើចត្តាឡីស័កពលករក្នុងខេត្តប៉ៃលិនផងដែរ។ 

ក្នុងនោះលោកស្រីសង្កេតឃើញថា ខេត្តប៉ៃលិនមានការរៀបចំទីតាំងធ្វើចត្តាឡីស័កបានល្អត្រឹមត្រូវ មានក្រុមគ្រូពេទ្យប្រចាំការឆ្លាស់វេនគ្នាល្អ មានកងកម្លាំងការពារសន្តិសុខគ្រប់ទីតាំង ២៤ម៉ោង ហើយមានអាហារហូបចុកគ្រប់គ្រាន់ ដែលនេះបង្ហាញពីយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តប៉ៃលិនចំពោះពលករធ្វើចត្តាឡីស័ក ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខភិបាលផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖