ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤៖០៥នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តទួលសុភាឃួន ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IH-2258ធ្វើដំណើរដោយបុរសម្នាក់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំនុចកើតហេតុមុខក្លោងទ្វារវត្តទួលសុភាឃួនបានបន្ថយល្បឿនដើម្បីឲ្យរថយន្តឆ្លងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ2B-3417 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតជាព្រូ ក្នុងទិសដៅស្របគ្នា បានបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗចំណែកឯរថយន្តបង្កត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃាត់ជាប់ នឹងប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕ ដោយ៖និនសុភ័ស្ត