ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តលឿនទៅបុករថយន្តដឹកសំរាមពីក្រោយ បណ្តាលឲ្យកម្មករប្រមូលសំរាមម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ២នាក់បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ដោយឃាត់បានតែអ្នករួមដំណើរជាមួយ២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើករថយន្តដឹកសំរាមបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តស៊ីនទ្រីដឹកសំរាមធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បាននាំគ្នាឈប់ប្រមូលសំរាមតាមដងផ្លូវ ខណៈនោះស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE- 6693 ដែលបើកស្របទិសគ្នាយ៉ាងលឿនបានជ្រុលមកបុកពីក្រោយរថយន្តរបស់គាត់ពេញទំហឹងបណ្តាលឲ្យត្រូវកម្មករស្លាប់ម្នាក់ និងរងរបួសធ្ងន់និងស្រាល២ នាក់។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ឃាត់បានតែអ្នករួមដំណើរ២នាក់ប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ