ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីថ្ងៃទី១៦ខែមករា ឆ្នាំ២០២១ថ្មីៗនេះ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ លោក បានដឹកនាំក្រុមការងារប្រតិបត្តិការ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាប និងរឹបអូសផលិតផលបារីអេទ្បិចត្រូនិចខុសច្បាប់ ចំនួនពីរទីតាំង ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ។លោកឧត្តមសេនីយ៍ទោ វណ្ណ ផេង បញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនោះ ដោយពិនិត្យស្ថានភាពបច្ចុប្បន្ន បារីអេទ្បិចត្រូនិច (E-Cigarette ឬVape) កំពុងបានផ្សព្វផ្សាយតាមបណ្តាញសង្គម ជាឧបករណ៍ផ្តាច់បារី។ ប៉ុន្តែវាពុំដូច្នោះទ្បើយ ហើយអ្នកប្រើប្រាស់ក៏កំពុងមានការយល់ច្រទ្បំ ធ្វើឲ្យមានការកើនទ្បើងនៃការប្រើប្រាស់ និងកំពុងបានចរាចរលក់ ចែកចាយនៅលើទីផ្សារកម្ពុជា ដោយរូបភាពលួចលាក់គួរឲ្យគត់សំគាល់ ។
អនុប្រធានលេខាធិការដ្ឋានរូបនេះ បន្តទៀតថា ទោះបីផលិតផលនេះ មិនមានសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដែលនឹងអាចមានបញ្ហាប្រឈម កើតមហារីកសួត មហារីកក្រពះ មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងតម្រងនោមជាដើម ។លោកឧត្តមសេនីយ៍ទោ វណ្ណ ផេង បានសង្កត់ធ្ងន់ថា ឧបករណ៍ជក់សម័យថ្មីមួយនេះ អាចនឹងមានគ្រោះថ្នាក់កាន់តែខ្លាំងជាងបារីទៀតប្រសិនបើមានការផលិត ឬជនខិលខូចលាយបញ្ចូលនូវថ្នាំសម្រើប ឬគ្រឿងញៀនចូល ។ខណៈបច្ចុប្បន្នមហាជនទូទៅយល់ថា SHISHA និង E-Cigarette គឺជាប្រភេទញៀនថ្មីកំពុងបង្កហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសពង្វក់ស្មារតីយុវជនខ្មែរឲ្យឈ្លក់វង្វែង ឈានទៅបោះបង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងទៀត គួរឲ្យព្រួយបារម្ភ ៕
ដោយ៖សហការី