ភ្នំពេញ៖ ដើម្បីចៀសវាងបញ្ហា ជាន់ ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី ក្រសួងដែនដី ស្នើ ក្រសួង ស្ថាប័នដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី-ខេត្ត អនុវត្ត តាម៤ចំណុច។ នេះយោងការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីក្នុងគោលដៅផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ យោង៖ ច្បាប់ភូមិបាល ឆ្នាំ២០០១ ។
សេចក្តីដូចមានចែងយោងខាងលើ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន សម្តេច លោក លោកស្រី ជ្រាបថា កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សង្កេតឃើញថា មាករណីនៃការវាស់វែង និងកំណត់ព្រំក្បាល ដីក្នុងគោលដៅផ្តល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ដោយគ្មានការពិនិត្យនិងផ្ទៀងផ្ទាត់ពី រដ្ឋបាលសុរិយោដី ដែលធ្វើឱ្យនិយាមកានៃក្បាលដីខ្វះភាពសុក្រឹត ជាន់ ក្បាលដីគ្នា និងបង្កឱ្យមានវិវាទដីធ្លី។
ដើម្បីចៀសវាងបញ្ហាដូចបានរៀបរាប់ខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្មើ ក្រសួង ស្ថាប័នដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី ខេត្ត អនុវត្តដូចខាងក្រោម៖
១- រាល់ការអង្កេតវាស់វែង សុរិយោដីនៃក្បាល ដឺ ត្រូវអនុវត្តនិងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចតែមួយគត់ក្នុងការវាស់វែងកំណត់ព្រំក្បាលដីស្របតាមមាត្រា២២៩ និងមាត្រា២៣៥ នៃច្បាប់ភូមិបាល ។
២- រដ្ឋបាលរាជធានី ខេត្ត ត្រូវប្រគល់ភារកិច្ចជូនមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និង សុរិយោដីរាជធានី ខេត្ត ចុះវាស់វែងកំណត់និយាមកា និងផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធមូលដ្ឋាន ទិន្នន័យសុរិយោដី ។
៣- រាល់ទិន្នន័យវាស់វែងក្បាលដីក្នុងគោលដៅស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីផ្ដល់កម្មសិទ្ធិ និងសិទ្ធិជួលដីឯកជនរបស់រដ្ឋ ត្រូវបញ្ជូនមកអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្ត នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអង្គភាពគ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្នន័យ សុរិយោដីទូទាំងប្រទេស ដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់ជាមុន។
៤- រាល់ការជួលដីឯកជនរបស់រដ្ឋ ត្រូវធ្វើការ ចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជនរបស់រដ្ឋជាមុន៕
ដោយ៖សិលា