ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់៖ ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ យល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា,  ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន ហើយយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក។

លោកបានបន្តថា, ១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនអោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណីវិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។

លោកអភិបាលស្រុកបញ្ជាក់ថា, ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖