អន្តរជាតិ៖ បារីខុសច្បាប់រាប់ពាន់កញ្ចប់ ត្រូវអាជ្ញាធរនៃប្រទសសិង្ហបុរីធ្វើការរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ខណៈជនខិលខូចព្យាយាមលាក់បារីទាំងនោះនៅក្នុងរូបសំណាកទេវតា ដើម្បីនាំចូលទៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz។ប្រភពដដែលបន្តថា ជនខិលខូចដែលបានធ្វើសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះគឺជាជនជាតិម៉ាឡេស៊ី ហើយជនខិលខូចបានសម្រេចធ្វើសកម្មភាពនេះដោយផ្អែកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ក្នុងខែក្រោយនេះហើយ ដូចនេះការនាំយករូបសំណាកទេវតាចូលទៅក្នុងប្រទេសសិង្ហបុរីគឺជារឿងសមស្របបំផុតនិងទំនងជាគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ។តែទោះជាយ៉ាងណា អាជ្ញាធរសិង្ហបុរី មិនដែលខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួនទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ ហើយជាលទ្ធផលនៃបង្រ្កាបករណីខាងលើនេះមន្ត្រីគយសិង្ហបុរីអាចរឹបអូសបានបារីចំនួន ១១២៨៥ សុង និង ៧ ៦៨៤ កញ្ចប់ ដែលបារីទាំងអស់នោះសុទ្ធតែជាបារីមិនបានបង់ពន្ធគយត្រឹមត្រូវទៅតាមច្បាប់។បច្ចុប្បន្នរហូតមកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបន្តបើកការស៊ើបង្កេតជុំវិញករណីនេះបន្ថែមទៀតព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ពោលគឺជនខិលខូចប្រាកដជាមានបណ្តាញនៅក្នុងប្រទេសសិង្ហបុរីជាមិនខាន៕
ដោយ៖សហការី