នៅក្នុងការធ្វើសមយុទ្ធកាលពីថ្ងៃទី១៩ ខែមករា កម្លាំងទាហានវាយឆ្មក់ពិសេសរបស់អុីរ៉ង់ បានហ្វឹកហាត់ជាទ្រង់ទ្រាយធំ មានទាំងការលោតឆត្រយោងនៅឆ្នេរសមុទ្រពែក្សទៀតផង។ ការធ្វើសមយុទ្ធ មានឈ្មោះថា «Eqtedar 99» ធ្វើឡើងនៅតំបន់ភាគខាងត្បូងប្រទេសអុីរ៉ង់ស្ថិតនៅឈូងសមុទ្រពែក្សដោយចាប់ផ្តើមឡើងនៅថ្ងៃទី១៩ ខែមករា ។ ការធ្វើសមយុទ្ធដោយមានការចូលរួមពីកម្លាំងទាហានជើងគោក និងជើងអាកាស។ មេបញ្ជាការរងកម្លាំងទាហានអុីរ៉ង់ឧត្តមសេនីយ៍Mohammad Hossein Dadrasបានឲ្យដឹងថា «កម្លាំងទាហានថ្មើរជើងនិងកម្លាំងទាហានអាកាសបានចូលរួមហ្វឹកហាត់វាយប្រហារនៅលើដី មានឈ្មោះថា«Eqtedar 99»។ ឃ្លីបវីដេអូស្តីពីការធ្វើសមយុទ្ធត្រូវបានបណ្តាញទូរទស្សន៍អុីរ៉ង់ធ្វើការផ្សព្វផ្សាយ ក្នុងនោះមានការវាយ ប្រហារដោយឧទ្ធម្ភាគចក្រទៅលើទីតាំងនៅគោលដៅវាលខ្យាច់។ ជាមួយគ្នានេះក្រុមទាហានឆត្រយោងបានលោតឆត្រវាយប្រហារ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ទីក្រុងតេអេរ៉ង់បានធ្វើសមយុទ្ធជាបន្តបន្ទាប់ដើម្បីបង្កើនសកម្មភាពការពារប្រទេស ទប់ស្កាត់ការវាយប្រហារពីសត្រូវ ។ សកម្មភាពធ្វើសមយុទ្ធរបស់អុីរ៉ង់ កើតឡើងក្នុងពេលដែលប្រធានាធិបតីថ្មីអាមេរិកនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា (ពេលវេលានៅអាមេរិក)។ រដ្ឋាភិបាលអុីរ៉ង់ សង្ឃឹមថា រដ្ឋាភិបាលថ្មីអាមេរិកដឹកនាំដោយលោកបៃឌិន នឹងមានទំនាក់ទំនងល្អប្រសើរជាមួយអុីរ៉ង់ឡើងវិញ ដូចជំនាន់លោកអូបាម៉ា៕
ដោយ៖ ធី រីណា(រូបភាព៖TASNIM)