ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានចាត់តាំងកម្លាំងកងទ័ពប្រមាណជាង៥០នាក់ បន្តចុះសហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកអូរស្មាច់ និងកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្នុងការចុះការពារ និងរៀបចំសម្អាតទីតាំងថ្មី សម្រាប់ធ្វើចត្តាឡីស័ក ដល់បងប្អូនប្រជាពលករ ត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះដែរ កម្លាំងមួយផ្នែករបស់តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានសការជាមួយនឹងកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីស័ក ក្នុងខេត្តឧត្តរមានជ័យ និងមួយផ្នែក សហការជាមួយផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំការការពារនៅច្រកថ្មដូន និងច្រកជប់គគីរ ការពារក្រែងមានករណីបងប្អូនពលករលួចឆ្លងដែនដោយខុសច្បាប់ ឬមិនព្រមចូលរួមធ្វើចត្តាឡីស័ក។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងទ័ព២៧នាក់ ប្រចាំការ ការពារនៅជុំវិញទីតាំងមណ្ឌល ដើម្បីបង្កើនសុវត្ថិភាព និងរបៀបរៀបរយ ចំពោះមណ្ឌលចត្តាឡីស័កពលករខ្មែរ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន៤,៧០៨នាក់ ក្នុងនោះស្រីចំនួន២,០៩៥នាក់ ដែលបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ហើយកងកម្លាំងទាំង៣ប្រភេទ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានសម្របសម្រួល ដោយដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័កទាំង៧ ដែលបានកំណត់ទុក។ ដោយឡែក មានបងប្អូនពលករចំនួន៤៦៨នាក់ ស្រីចំនួន២០៥នាក់ បានធ្វើចត្តាឡីស័កចប់ នៅមណ្ឌលចត្តាឡីស័កខេត្តឧត្តរមានជ័យ និងបានឲ្យត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖ សិលា