ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានសម្រេចដកតំណែងមន្ត្រីពីររូបដែលមិនព្រមដាក់លិខិតលាលែងចេញពីតំណែង។
ប្រធានគណៈកម្មការទំនាក់ទំនងពលករ លោក Peter Robb ត្រូវបានលោកបៃឌិន ដកតំណែងនៅថ្ងៃទី ២០ខែមករា ក្រោយពេលលោកបដិសេធមិនព្រមលាលែងចេញពីតំណែង ។ លោកPeter Robb ត្រូវបានលោកត្រាំតែងតាំង នៅខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយពេលលោកPeter Robb ត្រូវបានដកតំណែង លោក Alice Stock ដែលជាអនុប្រធានគណៈកម្មការ ក៏ត្រូវបានលោកបៃឌិនដកតំណែងផងដែរ។
នៅក្នុងលិខិតផ្ញើទៅកាន់សេតវិមាន លោកRobb បានឲ្យដឹងថា ការណ៍ដែលលោកមិនចង់លាលែងចេញពីតំណែងនោះគឺអាចបង្កឲ្យមាន ស្ថានភាពអាក្រក់លើសពីការស្មាន។
គណៈកម្មការទំនាក់ទំនងពលករ គឺជាស្ថាប័នរដ្ឋាភិបាលឯករាជ្យ ទទួលខុសត្រូវក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនិឹងពលកម្ម ក៏ដូចជាកិច្ចព្រមព្រៀងពលករ។ សមាជិកគណបក្សសាធារណរដ្ឋ លោកស្រី Virginia Fox សមាជិកគណៈកម្មការពលករនៅរដ្ឋសភា បានថ្កោលទោសការដកតំណែងលោក Robb នៅសេតវិមាន ។ លោកស្រីបញ្ជាក់ថា ការដកតំណែងគឺជាការដើរផ្ទុយពីច្បាប់ ក្នុងទំនាក់ទំនងពលករជាតិ៕ ដោយ៖ធី រីណា
រូបថត៖AFP