ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននឹងរៀបចំកីឡាអូឡាំពិក​តូក្យូឆ្នាំ២០២១ដូច​ការគ្រោងទុក

ចែករំលែក៖

រដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំការប្រកួតកីឡាអូឡាំពិក​ តូក្យូ​២០២១ (Olympic Tokyo 2021)ដូចការគ្រោងទុក ។ ការលើកឡើងខាងលើ ក្រោយពេលដែលមានព័ត៌មានផ្សាយថា​ ប្រទេសជប៉ុនសម្រេចលុបការប្រកួតកីឡា មួយនេះ ក្នុងកិច្ចប្រជុំសម្ងាត់របស់រដ្ឋាភិបាល។
កាលពីថ្ងៃទី​២១ខែមករា សារព័ត៌មានTimes of London បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ជប៉ុនដែលបានឲ្យដឹងថា ​ មន្ត្រីរដ្ឋាភិបាលប្រទេសនេះបានឯកភាពគ្នា​ផ្អាកការប្រកួតកីឡាអូឡាំពិកដោយសារតែការឆ្លងរាលដាលកូវីដ​-១៩កើនឡើង​។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី​២១ខែមករា គណៈកម្មការអូឡាំពិកជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីYoshihide Suga បានប្តេជ្ញារៀបចំពិធីប្រកួតកីឡាអូឡាំពិកដូចការគ្រោងទុក។
សារព័ត៌មាន CNN ​បានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនថា « ភាគីទាំងអស់ ទាំងរដ្ឋាភិបាលជប៉ុន គណៈអភិបាលក្រុងតូក្យូ IOC និង IPC បានសម្រេចរៀបចំការប្រកួតកីឡា ដូចដើម ។ យើងសង្ឃឹមថា ការរស់នៅរបស់ពលរដ្ឋនឹងល្អប្រសើរឡើងវិញដូចដើមក្នុងពេលឆាប់ៗខាងមុខនេះ។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាពរៀបចំការប្រកួតកីឡាអូឡាំពិកប្រកបដោយសុវត្ថិភាព និងសន្តិសុខ ។
មានប្រសាសន៍ទៅកាន់រដ្ឋសភា កាលពីសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា កីឡាអូឡាំពិកគឺជាតំណាងនៃមនុស្សជាតិ ក្នុងការឆ្លងផុតកូវីដ​-១៩ និងជាឱកាសដើម្បីជប៉ុនបង្ហាញឲ្យពិភពលោកបានដឹងពីការរីកចម្រើន ក្រោយរលកយក្សស៊ូណាមិ​នៅឆ្នាំ​២០១១។
ការប្រកួតកីឡាអូឡាំពិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ​២០២១ ហើយនៅពេលនេះ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាក់វ៉ាក់សាំង​ជូនដល់ពលរដ្ឋ​ជាច្រើន ទម្រាំដល់ខែកក្កដា ស្ថានភាពកូវីដ​-១៩ នឹងគ្រប់គ្រងបាន​។ បច្ចុប្បន្នការឆ្លងរាលដាលមានសញ្ញាថយចុះជាងមុនក្រោយពីមានការចាក់វ៉ាក់សាំង ដល់កម្លាំងជួរមុខ និងមនុស្សងាយរងគ្រោះបានច្រើនមកនោះ៕ដោយ៖ធី រីណា


ចែករំលែក៖