ខេត្តឧត្តរមានជ័យ៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១កន្លងទៅ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។
ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចំនួន៣០បង្គោលហើយ។ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏បានធ្វើកំណាយស្រាយជ្រាវដែរ ដើម្បីពិនិត្យមើលទីតាំងបុរាណដ្ឋាននិងវត្ថុបុរាណផ្សេងៗដើម្បីសិក្សាស្រាវជ្រាវនិងការពារ។
អត្ថប្រយោជន៍ដ៏សំខាន់នៃការកំណត់បង្គោលព្រំការពារបុរាណដ្ឋាននេះ គឺដើម្បីការពារការរំលោភបំពានដីធ្លី ការបំផ្លាញលើបុរាណដ្ឋាន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់បានយល់ដឹងពីតំបន់ការពារ ចូលរួមការពារបុរាណដ្ឋានក្នុងមូលដ្ឋានរបស់ពួកគាត់ដោយសេចក្តីស្រឡាញ់ជាមួយអ្នកជំនាញ៕
ប្រភព៖ ក្រសួងវប្បធម៌ វិចិត្រសិល្បៈ