ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមក

ចែករំលែក៖

ខេត្តបាត់ដំបង៖ បន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ពីតំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រួមទាំងមន្ត្រីពាក់ព័ន្ធខេត្ត នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមកស្ថិតក្នុង ឃុំព្រែកនរិន្ទ និង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈនៃការចុះពិនិត្យនេះដែរ លោកទេសរដ្ឋមន្ត្រី បានធ្វើការចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្រោយពីបានទទួលគ្រាប់ពូជស្រូវសែនក្រអូបនិងពូជOM54 51 ដែលជាប្រភេទស្រូវមិនប្រកាន់រដូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញបន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ ដែលទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងវិញ ។

តំណាងប្រជាកសិករ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមក គឺបានដុះលូតលាស់បានល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ ដែលបញ្ហានេះបានធ្វើឲ្យប្រជាកសិករមានសេចក្តីត្រេកអរ និងការជួយអន្តរាគមន៍ភ្លាមៗពីប្រមុខដឹកនាំរាជរដ្ឋាភិបាលក្រោយពីទឹកជំនន់ ដូចជាផ្តល់ពូជស្រូវនិងស្បៀងជាដើម ដើម្បីធ្វើការស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា នឹងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយផ្នែកធំផងដែរ ។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពស្រូវទាំងអស់នោះកំពុងមានដើមដងលូតលាស់បានល្អ ហើយបញ្ហាចំពោះមុខមិនទាន់មានអ្វីចោទនោះទេ ព្រោះដំណាំស្រូវទាំងនេះចេញផ្កាផ្លែហើយ ហើយសង្ឃឹមថា ទិន្នផលស្រូវនឹងមានកំណើនខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖