ព័ត៌មានទាន់ហេតុការណ៍៖

រូបសំណាកសំពៅមាស ស្ថិតនៅ ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសម្ពោធជាផ្លូវការ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ រូបសំណាកសំពៅមាស នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

រូបសំណាកសំពៅមាសនេះត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅមានទីតាំងស្ថិតនៅត្រង់ច្រមុះជ្រូកចន្លោះផ្លូវជាតិលេខ២១ចាស់ និងផ្លូវជាតិលេខ២១ថ្មី ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន នៅលើទីតាំងដីសរុបទំហំ ១,២៥៤ ម៉ែត្រការ៉េ ក្នុងនោះមានរៀបចំការ៉ូឡាអមសងខាងទំហំ៩៨៨ម៉ែត្រការ៉េ ដាំស្មៅទំហំ១៧៥ម៉ែត្រការ៉េ និងតួសំពៅមានទំហំ៥២ម៉ែត្រការ៉េ ចែកចេញជាពីរផ្នែកគឺ៖

១-ផ្នែកគ្រឿងទ្រសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ធ្វើពីបេតុង ដោយជុំវិញមានឆ្លាក់ជារូបចម្លាក់ក្នុងរចនាបថបាយ័ន្ត ដែលពិពណ៌នាអំពីកងទ័ពជើងទឹកដ៏ខ្លាំងក្លារ ដែលបង្ហាញពីជ័យជំនៈរបស់ព្រះបាទជ័យវរ្ម័នទី៧ និងការដឹកជញ្ជូនស្បៀង និងការដោះដូរទំនិញផ្សេងៗ ដែលបង្ហាញពីភាពរីកចម្រើនរបស់ចក្រភពអង្គរក្នុងសម័យកាលនោះ។

២-ផ្នែកតួសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៧ម៉ែត្រ តួសំពៅទាំងមួលធ្វើពីបេតុង ដែលជុំវិញគែមសំពៅមានឆ្លាក់រូបត្រី៣៣ តំណាងឲ្យគុណលោកឳពុកនិងអ្នកម្តាយ និងនៅផ្នែកក្បាលសំពៅមានឆ្លាក់រូបនាងនាគ ដែលជាការរំលឹកដល់ព្រះនាងនាគដែលជាបឋមក្សត្រ និងអ្នកកសាងទឹកដីខ្មែរ ក្តោងសំពៅមានកម្ពស់១២ម៉ែត្រ ធ្វើពីបេតុង និងនៅខាងចុងក្តោងមានដោតទង់ទាំង៣ តំណាងឲ្យបាវចនាជាតិគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕

ដោយ៖ សិលា


ចែករំលែក៖