ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក មិនទាន់មានសញ្ញាថយចុះនៅឡើយទេ បើទោះបីប្រទេសជាច្រើនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនហើយក្តី ។ គិតមកដល់ថ្ងៃទី២៣ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើង ដល់៩៩លាននាក់ហើយ។ ប្រទេសដំបន់អាស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចឆ្លងកូវីដ -១៩ កើនឡើងខ្ពស់ពេលចូលឆ្នាំចិន និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។
ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១នេះបានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន១៩៨នាក់បន្ថែមទៀត ខណៈដែលអ្នកជំងឺម្នាក់ទៀតបានបាត់បង់ជីវិត។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១៨០នាក់ជាករណីឆ្លងក្នុងស្រុក និង១៨នាក់ទៀតជាករណីនាំចូល។ ចំពោះអ្នកជំងឺ COVID-19 ម្នាក់ទៀតដែលបានបាត់បង់ជីវិតនោះ គឺជាបុរសជនជាតិថៃវ័យ៨១ឆ្នាំ ដែលបានឆ្លងជំងឺ COVID-19 ពីសមាជិកគ្រួសារ ហើយបុរសវ័យចំណាស់រូបនេះ ក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់ផងដែរ។
គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១៣,៣០២ករណី ក្នុងនោះ ១០,០៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង ២,៣៥៧នាក់ទៀតជាករណីនាំចូល។ ក្នុងចំណោមករណីឆ្លងទាំងអស់នេះ អ្នកជំងឺសរុប៧២នាក់បានស្លាប់ និង១០,៤៤៨នាក់ជាសះស្បើយឡើងវិញ។
ចំណែកប្រទេសមីយ៉ាន់ម៉ាវិញ ក៏ទទួលបានវ៉ាក់សាំងចំនួន១.៥លានដូស ដែលផ្តល់ដោយប្រទេសឥណ្ឌា ដើម្បីចាក់ជូនដល់ប្រជាជនចំនួន ៧៥០,០០០នាក់។ វ៉ាក់សាំងនេះ គឺជាកញ្ចប់វ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលខ្លួនកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ធ្ងន់ធ្ងរបំផុតមួយនៅក្នុងតំបន់អាស៊ី។
ឥណ្ឌា បាននិងកំពុងផ្តល់វ៉ាក់សាំង COVID-19 រាប់លានដូសដល់បណ្តាប្រទេសមួយចំនួននៅអាស៊ី ដែលទទួលបានការកោតសរសើរពីប្រទេសជិតខាង ។ លោក Saurabh Kumar ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅមីយ៉ាន់ម៉ា បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានយ៉ាំងហ្គោនថា«នេះគឺជាអំណោយពីប្រទេសឥណ្ឌាដល់ប្រទេសមីយ៉ាន់ម៉ា»។
កាដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាស្ថាន Serum ក្នុងប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតលើពិភពលោក បានទៅដល់ប្រទេសម៉ាល់ឌីវ ប៊ូតាន បង់ក្លាដែសនិងនេប៉ាល់ រួចហើយ៕ដោយ៖ធី រីណា