ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់​បន្លែនិងគ្រឿងទេស ម្នាក់ត្រូវជនមិនស្គាល់មុខ២នាក់បន្លំលួចប្រាក់និងគ្រឿងអលង្ការអស់មួយចំនួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនមិនស្គាល់មុខចំនួន២នាក់ដែលសុទ្ធតែជាស្ត្រី បានធ្វើសកម្មភាពលួចយកកាបូបលុយអាជីវករលក់ដូរ(អីវ៉ាន់ចាប់ហួយ)នៅផ្សារហ៊ុយឡេងកាលវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក  ស្រុកភ្នំស្រុក ។

លោក ប៉ិក គឹមហ៊ាក់ អធិការរង ទទួលការងារព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករា ឆ្នាំ២០២១ មានឈ្មោះឈឿង ប៊ុនឆុំ ភេទប្រុសអាយុ ២៦ឆ្នាំ នៅភូមិកណ្តាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក បានដាក់ពាក្យបណ្តឹងទៅលោកដោយប្រាប់ថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១ មានជនមិនស្គាល់មុខ បានធ្វើសកម្មភាពបន្លំទិញបន្លែ លួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះ កាន់ យឹង អាយុ៦០ឆ្នាំ នៅភូមិកើតហេតុទៅបាត់។

លោកអធិការរង បានបន្តថាក្រោយពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក ចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាព បានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែន តែមើលមុខសញ្ញាមិនស្គាល់ ហើយបើនិយាយវិញតាមស្តាប់សម្លេង មិនមែនជាអ្នកភ្នំស្រុកគឺមុខសញ្ញាក្រៅស្រុក។

លោកប៉ិក គឹមហ៊ាក់ អធិការរងបានឲ្យដឹងទៀតថាករណីចោរលួចកាបូបលុយនេះ កើតឡើងប្រហែលជាតាំងពីព្រឹកព្រលឹមមកម្ល៉េះ ហើយពេលនោះម្ចាស់កាបូបមិនដឹងខ្លួនទេ លុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយ ខណៈម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់ នៅផ្សារក្រុងសិរីសោភ័ណ្ឌ ទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់) ,២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីរថយន្តចំនួន១សន្លឹក ៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែករប្លាទីនចំនួន១ខ្សែទម្ងន់៥ជី,៩-ខ្សែដៃមាសចំនួន០១ខ្សែ ទម្ងន់០៥ជី ។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាព ឃើញមានស្ត្រីចំនួន២នាក់ អាយុប្រហែល៤០ឆ្នាំ ម្នាក់ពាក់អាវពណ៌ស ខោពណ៌កាហ្វេ ពាក់មួកស្លាបពណ៌ប្រផេះ។ រីឯម្នាក់ទៀតពាក់អាវខាងក្រៅពណ៌ខ្មៅ(Adidas) ពាក់មួកពណ៌កាហ្វេ បានមកធ្វើសកម្មភាពទិញបន្លែ ដូចជាណាំង៉ូវ ត្រកួន ត្រសក់ និងមើមខ្ទឹមស ជាដើម ។ក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរ ធ្វើឲ្យជនសង្ស័យមានឱកាស ធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់ប្រាក់ដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់ដោយសុវត្ថិភាព ។ករណីនេះកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ÷ វណ្ណា

 

 


ចែករំលែក៖