នៅថ្ងៃទី២៤ខែមករា ពលរដ្ឋព័រទុយហ្គាល់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលដែលបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាលើកទីពីរ។
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ (ត្រូវនឹងម៉ោង១៥ ម៉ោងនៅកម្ពុជា) ។
ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានផ្សាយថា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាស ក្រោយការិយាល័យចុងក្រោយនៅលើកោះ Azores បិទនៅវេលាម៉ោង ២០ (ម៉ោងក្នុងតំបន់)។
កាលពីមួយសប្តាហ៍កន្លងមកមានពលរដ្ឋព័រទុយហ្គាល់នាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ដល់ទៅ ជិត២៥០ពាន់នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ គឺខ្ពស់ជាងការបោះឆ្នោតលើកមុនដល់ទៅ៥ដង។
ការបោះឆ្នោតលើកនេះគឺជាការប្រកួតប្រជែងរវាងបេក្ខភាពចំនួន ៧រូប ក្នុងនោះមានប្រធានាធិបតី Marcelo Rebelo de Sousa និងប្រធានគណបក្សសង្គម (SP)លោក Ana Gomes។ តាមលទ្ធផលស្ទង់មតិមុនពេលបោះឆ្នោត ប្រធានាធិបតីMarcelo Rebelo de Sousa អាយុ៧១ឆ្នាំ អាចនឹងជាប់ឆ្នោតជាថ្មី ដោយលោកទទួលបានការគាំទ្រដល់ទៅជាង ៥៩ភាគរយ គឺច្រើនជាងបេក្ខភាពនានាទាំងអស់។
នៅក្នុងប្រទេសព័រទុយហ្គាល់ អាណត្តិប្រធានាធិបតីមានដល់ទៅ ៥ឆ្នាំ។ ប្រធានាធិបតីមិនមានសិទ្ធិក្នុងការអនុវត្តច្បាប់នោះឡើយ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបើមានវិវាទនយោបាយកើតឡើង។ ប្រធានាធិបតីមានសិទ្ធិក្នុងការរំលាយរដ្ឋសភា បើកផ្លូវឲ្យការបោះឆ្នោតថ្មី។
រដ្ឋាភិបាល ព័រទុយហ្គាល់ បានអនុម័តបិទប្រទេសជាថ្មីនៅថ្ងៃទី ១៥ខែមករា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកទីពីរនៅក្នុងប្រទេសនេះ ខណៈប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបមានករណីឆ្លងច្រើន។
ព័រទុយហ្គាល់ជាប្រទេសមានករណីឆ្លងកូវីដ-១៩ ស្ថិតនៅលំដាប់ទី១៣ ក្នុងតំបន់អឺរ៉ុប ដោយមានអ្នកឆ្លងសរុប 624.469 នាក់ និងស្លាប់ជាង ១០ពាន់នាក់៕ ដោយ៖ធី រីណា
រូបភាព៖AFP/TTXVN