ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតប្រធានាធិបតីនៅព័រទុយហ្គាល់

ចែករំលែក៖

នៅថ្ងៃទី២៤ខែមករា ពលរដ្ឋព័រទុយហ្គាល់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលដែលបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីពីរ។
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង​៨ព្រឹកថ្ងៃទី​២៤ខែមករា ឆ្នាំ​២០២១ (ត្រូវនឹងម៉ោង​១៥ ម៉ោងនៅកម្ពុជា) ។

ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានផ្សាយថា​ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាស ក្រោយការិយាល័យចុងក្រោយនៅលើកោះ Azores បិទនៅវេលាម៉ោង ២០ (ម៉ោងក្នុងតំបន់)។
កាលពីមួយសប្តាហ៍កន្លងមក​មានពលរដ្ឋ​ព័រទុយហ្គាល់នាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ដល់ទៅ ជិត​២៥០ពាន់នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ គឺខ្ពស់ជាងការបោះឆ្នោតលើកមុនដល់ទៅ​៥ដង។
ការបោះឆ្នោតលើកនេះ​គឺជាការប្រកួតប្រជែងរវាងបេក្ខភាពចំនួន ៧រូប ក្នុងនោះមានប្រធានាធិបតី Marcelo Rebelo de Sousa និងប្រធានគណបក្សសង្គម (SP)លោក Ana Gomes។ តាមលទ្ធផលស្ទង់មតិ​មុនពេលបោះឆ្នោត ប្រធានាធិបតីMarcelo Rebelo de Sousa អាយុ​៧១ឆ្នាំ​ អាចនឹងជាប់ឆ្នោតជាថ្មី ដោយលោកទទួលបានការគាំទ្រដល់ទៅជាង ៥៩ភាគរយ​ គឺច្រើនជាងបេក្ខភាពនានាទាំងអស់។
នៅក្នុងប្រទេសព័រទុយហ្គាល់ អាណត្តិប្រធានាធិបតីមានដល់ទៅ ៥ឆ្នាំ​។ ប្រធានាធិបតីមិនមានសិទ្ធិក្នុងការអនុវត្តច្បាប់នោះឡើយ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការដោះស្រាយបើមានវិវាទនយោបាយកើតឡើង​។ ប្រធានាធិបតីមានសិទ្ធិក្នុងការរំលាយរដ្ឋសភា បើកផ្លូវឲ្យការបោះឆ្នោតថ្មី​។
រដ្ឋាភិបាល ព័រទុយហ្គាល់ បានអនុម័តបិទប្រទេសជាថ្មីនៅថ្ងៃទី ១៥ខែមករា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាលើកទីពីរនៅក្នុងប្រទេសនេះ ខណៈប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបមានករណីឆ្លងច្រើន។
ព័រទុយហ្គាល់ជាប្រទេសមានករណីឆ្លងកូវីដ-១៩ ស្ថិតនៅលំដាប់ទី​១៣ ក្នុងតំបន់អឺរ៉ុប ដោយមានអ្នកឆ្លងសរុប 624.469 នាក់ និងស្លាប់ជាង ១០ពាន់នាក់៕ ដោយ៖ធី រីណា

រូបភាព៖AFP/TTXVN


ចែករំលែក៖