ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញលិខិតជម្រាបជូន មកលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេៗ និងពិធីរៀបអាពាហ៍ពិពាហ៍។ សេចក្តីដូចមានប្រាប់ខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រី អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ក្នុងនាមក្រសួងសុខាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរដល់ អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច និងកិច្ចសហការបានល្អ ក្នុងការទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយ ធំនៅ ឡើយទេ។ កន្លងមក រាជរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការមួយចំនួន ដូចជាសាលារៀនត្រូវបានបើកដំណើរការ កម្មវិធី សង្គមតាមបែបប្រពៃណ៏ សាសនានានា ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញតាមតម្រូវការរបស់ប្រជាជន ដោយតម្រូវ ឲ្យគោរពតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សង្កេត ឃើញថា ការអនុវត្តតាមវិធានការការពារដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យ កម្មវិធីផ្សេងៗ និងក្នុងពិធីអាពាហ៍ពិពាហ៍ នៅមានកម្រិតទាបនៅឡើយ ដែលនេះ ជាហានិភ័យដ៏ធំធេងអាចបង្កឲ្យមានការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គលចម្លងចូល ក្នុងសហគមន៍។ ដូច្នេះខ្ញុំ សូមលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ជាបន្តទៀត ក្នុងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាព ប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាល នៅតាមមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេងៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោម៖ ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬដែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅ ក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ, សុខ ខេមរា