អន្តរជាតិ៖ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅថ្ងៃទី២៥ ខែមករា បានបញ្ជាក់ថា ការខ្វះសាមគ្គីភាពរបស់ពិភពលោក មិនអាចដោះស្រាយបញ្ហាប្រឈមរួមបានទេ។ ដោយប្រធានាធិបតីចិនរូបនេះ បានជំរុញឲ្យពិភពលោកប្រកាន់ខ្ជាប់ពហុភាគីនិយម និងកសាងសហគមន៍ជាមួយអនាគតរួម ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញជាច្រើន ដែលពិភពលោក កំពុងជួបប្រទះ។
ជាក់ស្តែងនៅក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើនៅទីក្រុង Davos ប្រទេសស្វ៊ីស ប្រធានាធិបតីចិនលោកស៊ី ជិងភីងបានលើកឡើងពីបញ្ហាជាច្រើន ដែលពិភពលោក កំពុងតែជួបប្រទះ រាប់ចាប់ពីកូវីដ-១៩ ដល់បញ្ហាសេដ្ឋកិច្ចសកល បញ្ហាទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ, ជម្លោះនិងបញ្ហាអាកាសធាតុ។
នៅក្នុងវីដេអូថតទុក ដែលមានរយៈពេលជាង ២០នាទីរបស់លោក ស៉ី បានបញ្ជាក់ថា៖«វិធីដើរចេញពីបញ្ហាទាំងនេះ គឺប្រកាន់ខ្ជាប់ពហុភាគីនិយម និងការកសាងសហគមន៍ជាមួយអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។ លោកស៊ីបន្ថែមថា ពិភពលោកគួរបន្តអនុវត្តភាពបើកចំហ និងការរួមបញ្ជូលជាជាងភាពផ្តាច់មុខ និងការបិទឱកាសរវាងរដ្ឋ និងរដ្ឋ។
លោកស៊ី ជិនភីង ដែលជាអគ្គលេខាធិការបក្សកុម្មុនីស្តចិនផងនោះ បានអះអាងទៀតថា ការដើរជាន់ប្រវត្តិសាស្ត្រច្រំដែល, គំនិតសង្គ្រាមត្រជាក់ថ្មី ឬការគំរាមកំហែងដាក់ប្រទេសដទៃ មានតែជំរុញឱ្យពិភពលោកបែកបាក់គ្នានិងការប្រឈមមុខគ្នាប៉ុណ្ណោះ។ ប្រមុខរដ្ឋចិន ចង់បញ្ជាក់ថា ភាពបាក់បែកសាមគ្គីភាពរបស់ពិភពលោក មិនអាចដោះស្រាយបញ្ហារួមបានទេផ្ទុយទៅវិញវាមានតែនាំទៅដល់ផ្លូវទាល់ច្រក។
ជាមួយគ្នាដែរ ប្រធានាធិបតីចិន បានអំពាវនាវឱ្យពិភពលោក អនុវត្តការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការ និងការពិគ្រោះយោបល់ដើម្បីដោះស្រាយជម្លោះ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដដែលនេះ លោក ស៊ី បានអះអាងថាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គួរតែត្រូវបានដោះស្រាយតាមយន្តការផ្សេង ហើយប្រទេសដែលខ្លាំង មិនគួរប្រើអំណាច ឬបង្ហាញសាច់ដុំរបស់ខ្លួន ដាក់ប្រទេសទន់ខ្សោយឡើយ។
ប៉ុន្តែសម្រាប់លោក ស៊ី ជិនភីង ប្រទេសទាំងអស់ គួរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដ្បិតប្រទេសនីមួយៗ មានវប្បធម៌ខុសគ្នាក៏ដោយ។ម្យ៉ាងវិញទៀត ពិភពលោកគួរបង្កើនការគោរពគ្នាទៅវិញទៅមក និងបង្កើនទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក ជាជាងការប្រកាន់យកគំនិតសង្គ្រាមត្រជាក់ និងគំនិតទទួលផលចំណេញតែម្ខាង។
គួរបញ្ជាក់ថា ក្រៅពីពហុភាគីនិយម ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការលោក ស៉ី ជិនភីង បានជំរុញឱ្យពិភពលោកផ្តល់តម្លៃដល់អង្គការសុខភាពពិភពលោក (WHO) ដើម្បីកសាងសហគមន៍សុខាភិបាលរួម និងដោះស្រាយបញ្ហាសុខភាពរួមគ្នា។ លើសពីនេះ ប្រមុខរដ្ឋចិនរូបនេះ យល់ថាការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងប្រព័ន្ធរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ ក៏សំខាន់ដែរ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចសកល និងបង្កើនឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ៕
ដោយ៖ស តារា
រូបថត៖ Xinhua លោក ស៊ី ជិនភីង ប្រធានាធិបតីចិន