ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗព្រះមហាក្សត្រថៃតែងតាំង ស្នំឯកជាព្រះមហេសីទីពីរ

ចែករំលែក៖

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់រាជវង្សថៃ ដោយតែងតាំងស្នំឯក Sineenat Wongvajirapakdi ដែលព្រះមហាក្សត្របានដកតំណែងកន្លងមកនោះធ្វើជាមហេសីទីពីរ​។ កន្លងមកស្នំឯកត្រូវបានដកតំណែង ពីបទ​ខ្វះការគោរពដល់ព្រះអគ្គមហេសី ។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn ព្រះជន្ម៦៨វស្សា​ បានសម្រេចតែងតាំងស្នំឯក Sineenat ធ្វើជាព្រះមហេសីទីពីរ​ នៅថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២១ ក្នុងឱកាសនៃខួបកំណើតអាយុ ៣៦ឆ្នាំរបស់ស្នំឯក Sineenat។
ព្រះមហាក្សត្រ និងមហេសីថ្មី​ Sineenat បានគ្រងឈុតដូចគ្នាទៅចូលរួមពិធីដោះលែងសត្វនិងត្រី​ ក្នុងពិធីបុណ្យសាសនាមួយ ដើម្បី​ អបអរសាទរស្នំឯកត្រូវបានតែងតាំងជាមហេសីទីពីរ។
នេះជាសកម្មភាពបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​​ ចំពោះប្រជារាស្ត្រថៃ ។ ការតែងតាំងនោះ គឺជាការបង្កភាពភ្ញាក់ផ្អើលដល់ ស្នំឯក​បន្ទាប់ពីត្រូវបានបណ្តេញចេញពីរាជវាំង​ ពីបទខ្វះការគោរពដល់ព្រះអគ្គមហេសី​​ Suthida កាលពីឆ្នាំ ២០១៩។
កាលពី​៣ខែមុន នាង Sineenat ត្រូវបានតែងតាំងជាស្នំឯក ក្លាយជាមនុស្សដំបូងកាន់តំណែងនេះ មិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក​។ ដល់ខែសីហាឆ្នាំ​២០២០ ស្នំឯកត្រូវបានដកហូតដំណែងទាំងអស់ ហើយបាត់ខ្លួនតាំងពីពេលនោះមក​។ លុះមកដល់ខែកញ្ញាឆ្នាំ​២០២០ នាង​Sineenat ត្រូវបានតែងតាំងជាស្នំឯក​សាជាថ្មីឡើងវិញ។
នៅពេលនេះ ស្នំឯក Sineenat ក៏ត្រូវបានព្រះមហាក្សត្រ តែងតាំងតំណែងខ្ពស់ជាងមុនគឺមហេសីទីពីរ របស់ថៃ ខណៈកំពុងតែមានវិវាទ ដោយសារតែបាតុកម្មប្រឆាំងរាជវាំងថៃ ទាមទារកែទម្រង់របបរាជានិយម។
ការសម្រេចតែងតាំងខាងលើរបស់ព្រះមហាក្សត្រថៃ គឺជាប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសនេះ ដែលព្រះមហាក្សត្រមានមហេសីដល់ទៅពីរអង្គ ៕ ដោយ៖ធី រីណា


ចែករំលែក៖