ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រារព្ធទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «តំបន់ដីសើមនិងទឹក» ដែលដឹកនាំដោយលោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ទិវាដ៏មានសារៈសំខាន់នេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមប្រឹក្សាខេត្ត/ស្រុក កងកំលាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង កាកបាទក្រហមខេត្តស្ទឹងត្រែង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យនិងវិទ្យាល័យអូរស្វាយ តំណាងអង្គការដៃគូ ប្រជាសហគមន៍ និងអ្នកចូលរួមទាំងអស់សរុបចំនួន៣៥០នាក់។ គោលបំណងសំខាន់នៃការប្រារព្ធទិវានេះគឺដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ និងតួនាទីនៃតំបន់ដីសើមដល់សាធារណៈជន ប្រជាសហគមន៍ ប្អូនៗយុវជន និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម ហើយប្រធានបទ «តំបន់ដីសើមនិងទឹក» ក្នុងឆ្នាំនេះ គឺបញ្ជាក់ប្រាប់យើងទាំងអស់គ្នា អំពីការរួមចំណែករបស់តំបន់ដីសើម ទាំងបរិមាណ និងគុណភាពទឹកនៅលើភពផែនដី ដែលទឹកនិងតំបន់ដីសើម គឺមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាន និងផ្តល់នូវសារៈសំខាន់សម្រាប់ជីវិត សុខុមាលភាព និងសុខភាពរបស់មនុស្ស និងសត្វលើផែនដី៕
ដោយ៖ ស សម