តំណាងរាស្ត្រមួយរូបរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា លោកនិងតំណាងរាស្ត្រ៤០០នាក់ផ្សេងទៀត ត្រូវកម្លាំងយោធាឃុំនៅក្នុងអគាររដ្ឋ នៅរដ្ឋធានី Naypyitaw ។ តំណាងរាស្ត្រទាំងអស់អាចជួបនិយាយគ្នាបាន ប៉ុន្តែមិនអាចចាកចេញពីអគារនោះបានឡើយ។
សារព័ត៌មាន AP នៅថ្ងៃទី២ ខែ កុម្ភៈ បានផ្សាយថា គណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ(NLD)របស់លោកស្រី អង់សាន ស៊ូជី បានចេញសេចក្តីប្រកាសអំពាវនាវដល់កម្លាំងយោធាឱ្យគោរពលទ្ធផលបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០២០ ហើយដោះលែងអ្នកនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ។ គណបក្ស (NLD)បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកថា «មេបញ្ជាការកងទ័ពឡើងកាន់អំណាចដឹកនាំប្រទេសគឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ។
អ្នកបង្កើតច្បាប់ម្នាក់ បានលើកឡើងថា នៅក្នុងអគាររដ្ឋ កម្លាំងប៉ូលិស បានត្រួតពិនិត្យនៅខាងក្នុង ចំណែកកម្លាំងទាហានយាមល្បាតនៅជុំវិញអគារ។ តំណាងរាស្ត្រទាំងអស់អត់បានដេកឡើងពេញមួយយប់ ដោយបារម្ភខ្លាចត្រូវចាប់ខ្លួន ។ ចំណែកលោកស្រីស៊ូជី មិនត្រូវបានឃុំរួមជាមួយតំណាងរាស្ត្រទាំងអស់នោះឡើយ។
កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ លោកស្រីអង់សាន ស៊ូជី និងប្រធានាធិបតីWin Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានយោធាចាប់ខ្លួន។ នៅថ្ងៃទី ២ខែកុម្ភៈ កម្លាំងយោធា បានលុបឈ្មោះរដ្ឋមន្ត្រីទាំង២៤រូប ដោយតែងតាំងរដ្ឋមន្ត្រីថ្មី១១រូបដឹកនាំដោយយោធា ៕ ដោយ៖ធី រីណា