ក្រុមហង្សក្រហម Liverpool នឹងមិនអាចធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតជើងទី១ នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេទល់នឹងក្រុម RB Leipzig នៅថ្ងៃទី១៦ ខែកុម្ភៈឡើយដោយសារប្រទេសអាឡឺម៉ង់បានហាមឃាត់អ្នកធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសនានារួមទាំងចក្រភពអង់គ្លេសផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។
សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃអាឡឺម៉ង់បានឲ្យដឹងថា ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេប្រាប់ថា ការប្រកួតនេះមិនបំពេញតាមតម្រូវការសម្រាប់ការប្រកួតភ្លាមៗបានទេ ។
អង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុបUEFA បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិរបស់ខ្លួនសម្រាប់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League និង Europa League ចំពេលមានការរីករាលដាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រសិនបើការរឹតបន្តឹងដែលបានដាក់នៅក្នុងប្រទេសមួយអាចបណ្តាលឱ្យការប្រកួតមិនកើតឡើងនោះ ក្លិបក្នុងផ្ទះត្រូវតែស្នើសុំកន្លែងជំនួសដែលសមរម្យដែលអាចមាននៅក្នុងប្រទេសអព្យាក្រឹតដើម្បីរៀបចំប្រកួតបន្ត។ ទោះយ៉ាងណាប្រសិនបើក្លិបម្ចាស់ផ្ទះខកខានមិនបានធ្វើបែបនោះទេហើយមិនអាចលេង នៅកន្លែងផ្សេង ឬនៅកាលបរិច្ឆេទផ្សេងបាន នោះនឹងគិតថាការប្រកួតនេះត្រូវបានដកហូតដោយក្រុមម្ចាស់ផ្ទះចាញ់ដោយកំណត់លទ្ធផល ៣-០ ។
ជាមួយនឹងការរឹតត្បិតរបស់អាឡឺម៉ង់នៅនឹងកន្លែងរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ជម្រើសមួយអាចជាការផ្លាស់ប្តូរទីតាំងប្រកួត ដូច្នេះ Liverpool ធ្វើជាម្ចាស់ផ្ទះជើងទី១ ហើយជើងទី២គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែមីនាវិញ។
UEFA បានអះអាងថា ក្នុងករណីទាំងអស់កន្លែងនៃការប្រកួតត្រូវតែមានការយល់ព្រមពីរដ្ឋបាលរបស់UEFAដែលមានសិទ្ធិចាត់ចែងកន្លែងជំនួសសម្រាប់ការប្រកួតណាមួយ ឬក៏សំរេចថាការប្រកួតទាំង២ជើង នៃវគ្គជម្រុះនឹងដែលត្រូវរៀបចំឡើងវិញ ឬលេងនៅក្នុងប្រទេសអព្យាក្រឹតមួយ (នៅក្នុងទឹកដីនៃសមាគមសមាជិក Uefa) ឬរៀបចំប្រកួតតែ១ជើងគត់ ៕ដោយ៖ភារៈ