ព័ត៌មានទាន់ហេតុការណ៍៖

ពេលវេលាដែលអាចរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ា គឺខែសីហាឆ្នាំ២០២២

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing កាលពីថ្ងៃទី៤ខែកុម្ភៈបានប្រកាសថា ការបោះឆ្នោតនៅក្នុងប្រទេសនេះអាចធ្វើទៅបានគឺនៅក្នុងខែសីហាឆ្នាំ២០២២។
ការបោះឆ្នោតនឹងត្រូវរៀបចំក្រោយច្បាប់អាជ្ញាសឹកផុតកំណត់រយៈពេល៦ខែ។ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaingបានបន្តទៀតថា កម្លាំងទាហានបានប្រកាសយ៉ាងច្បាស់ពីគម្រោងរៀបចំបោះឆ្នោតជាថ្មី ហើយយោធាមិនមានគម្រោងបោះបង់លទ្ធិប្រជាធិបតេយ្យនោះឡើយ។ ការបោះឆ្នោតនឹងត្រូវរៀបចំឡើងតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសនេះ ។
សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់យោធាដែលបានធ្វើរដ្ឋប្រហារចាប់ខ្លួនប្រធានាធិបតី និងលោកស្រីអោងសាន ស៊ូជី។ អង្គការសហប្រជាជាតិ បានអំពាវនាវដល់យោធាឲ្យដោះលែងអ្នកនយោបាយជាបន្ទាន់ ។
យោធាមីយ៉ាន់ម៉ា គឺជាស្ថាប័នដ៏មានអំណាចបំផុតនៅប្រទេសនេះ ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ១៩៤៨មកម្ល៉េះ។ ឧត្ដមសេនីយ៍លោក អោង សាន ដែលជាឪពុកបង្កើតរបស់លោកស្រី អោងសាន ស៊ូជី បានបង្កើតកងទ័ពជាតិភូមា (មីយ៉ាន់ម៉ា) ដោយមានជំនួយពីជប៉ុន នៅដើមទសវត្សរ៍ឆ្នាំ១៩៤០ ដើម្បីទាមទារឯករាជ្យពីអង់គ្លេស។ លោក អោង សាន ត្រូវបានគេលួចធ្វើឃាត ក្នុងឆ្នាំ១៩៤៧។ ក៏ប៉ុន្តែ កេរតំណែល និងកេរ្តិ៍ឈ្មោះរបស់លោកបានដក់ជាប់នៅក្នុងក្រអៅបេះដូង ប្រជាជន និងទាំងយោធាមីយ៉ាន់ម៉ា ដែលនៅតែបន្តទទួលបានការគាំទ្រពីប្រជាជនភាគច្រើន មកទល់នឹងបច្ចុប្បន្ន ក្នុងនាមជាអ្នកការពារឯកភាពជាតិ និងជាអ្នករំដោះ ប្រទេសចេញពីនឹមត្រួតត្រារបស់អាណានិគម។
អ្នកប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺលោក Thant Myint-U បានហៅមីយ៉ាន់ម៉ា ឬភូមា ថាជារដ្ឋសម័យទំនើប ដែលបានចាប់កំណើតឡើងក្រោមការគ្រប់គ្រងដោយយោធា នៅក្នុងសៀវភៅរបស់លោកមានចំណងជើងថា «ប្រវត្តិសាស្ត្រដ៏អាថ៌កំបាំងរបស់ភូមា» ឬ «The Hidden History of Burma»។ មីយ៉ាន់ម៉ា ធ្លាប់ជួបប្រទះរដ្ឋប្រហារយោធាចំនួនពីរលើករួចមកហើយ ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេស ក្នុងឆ្នាំ១៩៤៨ គឺលើកទីមួយនៅឆ្នាំ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៨៨ ហើយចុងក្រោយបំផុតកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្រោយការកាន់អំណាចក្រោមនយោបាយកណ្ដាប់ដៃដែក អស់រយៈពេលជាង ២០ឆ្នាំ យោធាមីយ៉ាន់ម៉ា បានតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយឡើងក្នុងឆ្នាំ២០០៨ ហើយបានរៀបចំការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស ដោយមិនមានការចូលរួមពីគណបក្សប្រឆាំងណាមួយឡើយ។ ទោះបីជា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី ចោទថា ការបោះឆ្នោតប្រជាមតិ ត្រូវបានលួចបន្លំក៏ដោយ ក៏យោធានៅតែប្រកាសដដែលថា រដ្ឋធម្មនុញ្ញថ្មីទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាជនមីយ៉ាន់ម៉ា និងត្រូវចូលជាធរមានរហូតមកទល់នឹងបច្ចុប្បន្ន៕ ដោយ៖ធី រីណា


ចែករំលែក៖