ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករថយន្តស្របទិសគ្នាបត់ឆ្វេងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសអ្នកបើកបរម៉ូតូ១គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេសង្ស័យបណ្ដាលមកកត្កាល្បឿន នៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៥.២១៦ ស្ថិតនៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពនានាជុំវិញកន្លែងកើតហេតុ មុនដំបូងគេឃើញបុរសឈ្មោះ ឆេន ឡៅ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃយាង ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B 3445 ក្នុងល្បឿនលឿនមកពីទិសខាងលិច លុះមកដល់កន្លែងកើតហេតុជ្រុលបុករថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 9160(ប្រភេទបែន)របស់ក្រុមហ៊ុនដឹកដីធ្វើផ្លូនជាតិលេខ៥ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកភាគីអ្នកបើកបររថយន្ត(គេចបាត់)។

ប្រភពបញ្ជាក់បន្តទៀតថា ភ្លាមនោះជនរងបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរបង្អែកស្រុកបាកាន ចំណែកវត្ថុតាងម៉ូតូ និងរថយន្តយកទៅរក្សាទុកបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរតាប៉ោង រង់ចាំបន្តនីតិវិធី ៕ដោយ៖បុឹម ពិន


ចែករំលែក៖