ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ Beijing Institute of Biological Products ឈ្មោះ SINOPHARM

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ Beijing Institute of Biological Products ឈ្មោះ SINOPHARM។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមលិខិតលេខ ESY/EC : 032021 ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការផ្តល់ជំនួយជាវ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការបញ្ជាក់ជូនថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំង ចំនួន ៣០០.០០០ដូស និងសេរុំាងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងលិខិតនេះ ក៏មានការបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរងចាំលទ្ធផលនៃការសិក្សាសិន។

ដូច្នេះ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន សម្តេចតេជោ និងឥស្សរជនជាន់ខ្ពស់ អមដំណើរ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបាន លុបចោល រីឯដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ទៅ តាមការកែសម្រួលខ្លឹមសារពិធីសារនេះ) ក្រោយពីបាន ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរ ពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក ) ទៅតាមពេលវេលានឹងជម្រាបជូនតាមក្រោយទៀត។

រីឯការទទួលវ៉ាក់សាំងកូវីដ-១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន គឺនៅទទួលដដែល នា រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រសួងសុខាភិបាល នឹងបន្តជូនដំណឹងដល់សាធារណជន ប្រសិនបើមានការវិវត្តអ្វីបន្ថែមទៀត លើការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ នេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖