ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បើក​កៀ​រម៉ូតូ​បណ្តាល​ឲ្យ​ដួលរួចហើយកិនពីលើនារី​ម្នាក់​ស្លាប់​

ចែករំលែក៖

ខេត្ត​ក​ណ្តាល ៖ នារីម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេលបើក​ម៉ូតូ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​​កៀ​រពីក្រោយ​​ធ្វើឱ្យដួលរួច​ហើយកិន​ពីលើ​​ថែមទៀត។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​​ម៉ោង ៧និង៣០នាទី​យប់​ថ្ងៃ​សៅរ៍​ទី ៦ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ត្រង់ចំណុច​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ត្រពាំង​ត្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ភ័ស​ ម៉ា​រី  អាយុ​២៤​ឆ្នាំ មាន​ប្តី​និង​កូន បច្ចុប្បន្ន​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុបាន​​ឲ្យ​ដឹងថា មុនពេលកើតហេតុគាត់បានឃើញនារី​ម្នាក់បើកម៉ូតូម៉ាកហុងដា​ស្គូពី​ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ 1HM-8745 ក្នុងគោលបំណង​ជិះ​ទៅ​ផ្សារ​កំបូល​៣ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ដែលពាក់ស្លាកលេខភ្នំពេញ5A-2581 បើកមកពីក្រោយ បម្រុង​បត់​ទៅ​កើត​ក៏​ជ្រុល​ចង្កូត​ទៅ​កៀ​រម៉ូតូ​ឲ្យ​ដួល រួចកិនពីលើនារី​រងគ្រោះ​តែមិន​ស្លាប់ រួច​ក៏បើកថយក្រោយ​មក​កិន​ថែមទៀតបណ្តាលឲ្យស្លាប់តែម្តង។​ ក្រោយកើតហេតុអ្នកបើករថយន្តព្យាយាមបើករត់បានបន្តិចក៏ទុករថយន្តចោលរត់គេចខ្លួនបាត់។

​បន្ទាប់​ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានសហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​​​យក​ម៉ូតូ​ និងរថយន្ដទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ស្រុកអង្គស្នួល ខេត្តកណ្តាល និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ជ្រោយពេជ្រ


ចែករំលែក៖